ការស្តារប្រឡាយ ទួលពង្រទី២ សម្រេចបាន ៩០ភាគរយហើយ នៅសល់តែ ១០០ម៉ែត្រ ដែលប៉ះពាល់របងថ្មផ្ទះប្រជាពលរដ្ឋ
ភ្នំពេញ៖ ស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដែលមានប្រវែងជាង ៦០០០ម៉ែត្រ មកដល់ពេលនេះសម្រេចបានប្រមាណ ៩០ភាគរយហើយ ពោលគឺនៅសល់តែប្រមាណ ១០០ម៉ែត្រទៀតប៉ុណ្ណោះ មូលហេតុដែលនៅសេសសល់នេះ ក៏ព្រោះតែជួបនឹងបញ្ហាដោះស្រាយផលប៉ះពាល់ជាមួយរបងថ្មរបស់ប្រជាពលរដ្ឋ ដែលសង់ជាប់ប្រឡាយ។
លោក ម៉ែន សុខខេន ប្រធានស្តីទីអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃ០១ កញ្ញានេះថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ បញ្ហាលិចលង់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននឹងកំពុងធ្វើសកម្មភាព ស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា បើទោះបីជារាជធានីភ្នំពេញ បានកំពុងប្រឈមមុខនឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏ដោយ។
ជាក់ស្ដែង សម្រាប់ការងារស្តារប្រឡាយ ទួលពង្រទី២នេះ ក្រុមការងារបាននឹងកំពុងអនុវត្តយ៉ាងញាប់ដៃញាប់ជើង ហើយបើគិតត្រឹមថ្ងៃទី០១ កញ្ញានេះ ការស្តារប្រឡាយ ទួលពង្រទី២ សម្រេចបានប្រមាណ ៩០ភាគរយហើយ ពោលគឺនៅសល់តែប្រមាណ ១០០ម៉ែត្រទៀតប៉ុណ្ណោះ ក្នុងប្រវែងសរុប ៦១០០ម៉ែត្រ។
លោកបញ្ជាក់ផងដែរថា ចំពោះផលប៉ះពាល់នេះ អាជ្ញាធរ សង្កាត់ ខណ្ឌបាននិងកំពុងធ្វើការដោះស្រាយហើយ ។ បើដោះស្រាយរួចពេលណា ការប្រឡាយនេះនឹងរួចរាល់ក្នុង១សប្តាហ៍ទៀត ។ តែលោកជឿថា ប្រឡាយនេះនឹងស្តាររួចរាល់យ៉ាងយូរនៅពាក់កណ្តាលខែកញ្ញានេះ ។
លោក ម៉ែន សុខខេន បានបន្តថា ប្រឡាយទួលពង្រទី២ ប្រឡាយនេះមានប្រវែង៦១០០ម៉ែត្រ មានទទឹងពី ១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី ២,៥ម៉ែត្រ ទៅ៣,៥ម៉ែត្រ ។ ប្រឡាយនេះ មានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមានសង្កាត់ប្រទះឡាងនិងខណ្ឌពោធិសែនជ័យ រួមមានសង្កាត់ចោមចៅ២ និងចោមចៅ១ និងភាគខ្លះនៃខណ្ឌដង្កោ រួមមានសង្កាត់ព្រៃស ជាដេីម ។
ការងារស្តារប្រឡាយនេះបានចាប់ផ្តេីមដំណេីរការ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ហើយបើគិតត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ ជាលទ្ធផល ការស្តារបានប្រវែង ៦០០០ម៉ែត្រ ស្មើនឹង ៩០% នៃផែនការហើយ ៕