អត្រាឆ្លងជម្ងឺកូវីដ-១៩នៅភ្នំពេញ បានថយចុះខ្លាំង នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មកពីការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋនិងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជា​មួយនិងអនុគណៈកម្មការទាំង៣ បានធ្វើឲ្យការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង ។​ ការថយចុះនេះជាសញ្ញាដ៏ល្អមួយក្នុងការបើករាជធានីភ្នំពេញទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍និងសាលារៀន ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាម រយៈការបញ្ជូនរូបភាព និងសម្លេង(Video Conference)ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀល​​ថ្ងៃទី០១ ខែកញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយ ឈានទៅរក ការកាត់ផ្តាច់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta)។


ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ជម្ងឺកូវីដ-១៩បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល​២ទៅ៣សប្តាហ៍ចុងក្រោយនេះ ដែលពីមុនមានអ្នកជម្ងឺកវីដ-១៩ មានការថយចុះនេះជាសញ្ញាដ៏ល្អមួយ ដើម្បីបើករាជធានីភ្នំពេញឲ្យមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍និងការបើកសាលារៀនឡើងវិញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។


ឯកឧត្តម បន្តថា ការថមថយនៃឆ្លងជម្ងឺកូវីដ-១៩នេះ ពិតជាបានមកពី ការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ ។

ឯកឧត្តម ឃួង ស្រេង បន្តថា យើងបានអនុវត្តការងារ លើការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ បានល្អប្រសើរហើយ ដោយពីមុនមានអ្នកជម្ងឺកវីដ-១៩ កើតមានរហូតបន្តចុះថែមទៀត ចំណែក អ្នកស្លាប់ដោយជម្ងឺកូវីដ-១៩ បានថយចុះពី៣០នាក់ មកនៅត្រឹម៦នាក់ឬ២នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ នេះជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលយើងត្រូវតែខិតខំប្រឹងប្រែងបន្តទៀត។


ក្នុងនោះដែរលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងផង​ដែរ​ថា រាជធានីភ្នំពេញបានឈានទៅរកភាពល្អប្រសើរហើយ បើយើងមើលទៅលើលទ្ធផលនៃការឆ្លងជម្ងឺ​កូវីដ-១៩ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ពោលគឺក្នុងចំនួនមនុស្ស១៨៩៨នាក់ដែលត្រូវ​យកសំណាក់ រកឃើញមានវិជ្ជមានកូវិដ-១៩ ចំនួនតែ២៨នាក់ប៉ុណ្ណោះ ស្មើនឹង ៣,៥៦ភាគរយក្នុងនោះមានប្រភេទ ដែលតា ចំនួន ១១នាក់ស្មើនឹង ១,៤៨ភាគរយ។


លទ្ធផលនេះ គឺពិតជាបានមកពីការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋនិងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌ​ទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ ៕

អត្ថបទដែលជាប់ទាក់ទង