បំរាមគោចរពេលយប់នៅតំបន់ក្រហមដិតក្នុងប្រទេសថៃដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អាចត្រូវបានបង្រួមឱ្យខ្លី ឬលើកលែងតែម្តង
ប្រទេសថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចាន់អូចា បាននិយាយកាលពីថ្ងៃទី១ ខែកញ្ញាថា បំរាមគោចរពេលយប់នៅតំបន់ក្រហមដិតក្នុងប្រទេសថៃដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អាចត្រូវបានបង្រួមឱ្យខ្លី ឬលើកលែងតែម្តងអាស្រ័យទៅលើស្ថានភាពជំងឺរាតត្បាត។
លោកបាននិយាយថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA) បានបន្ធូរបន្ថយការគ្រប់គ្រងជំងឺមួយចំនួន ហើយសង្ឃឹមថាអ្នករាល់គ្នានឹងគោរពឱ្យបានយ៉ាងតឹងរ៉ឹង។
លោកបាននិយាយថា ការរឹតបន្តឹងអាចត្រូវបានបន្ធូរបន្ថយបន្ថែមទៀតប្រសិនបើស្ថានភាពមានភាពកាន់តែល្អប្រសើរឡើង។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលរបស់ប្រទេសនេះកំពុងពិចារណាអំពីលទ្ធភាពនៃការចេញប័ណ្ណពណ៌ដើម្បីបញ្ជាក់អំពីស្ថានភាពរបស់មនុស្សដែលត្រូវបានចាក់វ៉ាក់សាំង និងអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅពេលដែលប្រជាជនចូលរួមសកម្មភាពសង្គមឡើងវិញ។
យោងតាមលេខាធិការអចិន្ត្រៃយ៍សុខភាពសាធារណៈនៃប្រទេសថៃ លោក Kiattiphum Wongrajit បានឱ្យដឹងថា កាតពណ៌បៃតងសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ និងកាតពណ៌លឿងសម្រាប់អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ក្នុងរយៈពេលពី ១ខែទៅ ៣ខែ ដែលបច្ចុប្បន្នកាតពណ៌នេះកំពុងត្រូវបានសិក្សា។
រដ្ឋាភិបាលថៃបានសន្យាថា នឹងពន្លឿនកិច្ចចរចាជាមួយប្រទេសជិតខាងក្នុងការបើកច្រកព្រំដែនឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បន្ទាប់ពីមានកំណើនដ៏រឹងមាំក្នុងរយៈពេល ៧ខែដំបូងនេះ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanavisit បាននិយាយថា នាយកដ្ឋានពាណិជ្ជកម្មបរទេសកំពុងសហការជាមួយវិស័យឯកជន និងអភិបាលខេត្តនានានៅជាប់ព្រំដែនដើម្បីបន្តកិច្ចចរចា។
កាលពីថ្ងៃទី១ ខែកញ្ញា ប្រទេសថៃបានរាយការណ៍អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៤ ៨០២នាក់ និងការស្លាប់ថ្មីចំនួន ២៥២នាក់ក្នុងរយៈពេល ២៤ម៉ោង ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ជាង ១,២១លាននាក់ និងអ្នកស្លាប់សរុបចំនួន ១ ៨៤១នាក់៕ by ABK