ខេត្តសៀមរាបនឹងបើកដំណើរការឡើងវិញនូវសាលារដ្ឋនិងឯកជនមួយភាគធំ
រដ្ឋបាលខេត្តសៀមរាបនឹងអនុញ្ញាតឲ្យសាលារដ្ឋ និងសាលាឯកជនបើកដំណើរការឡើងវិញ បន្ទាប់ពីតំបន់ទាំងនោះត្រូវបានវាយតម្លៃថាជាតំបន់ដែលមានហានិភ័យទាប។
ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាបលោកលី ប៊ុណ្ណាបានប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃទី ២ ខែកញ្ញាថា តាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា មន្ទីរនឹងបើកដំណើរការឡើងវិញនូវសាលារដ្ឋ ៦០ ភាគរយ និងសាលាឯកជនជិត ១០០ ភាគរយក្នុងពេលឆាប់ៗនេះ។
លោកបាននិយាយថា ផែនការបើកសាលារៀនឡើងវិញនៅទូទាំងខេត្ត នឹងត្រូវបានអនុវត្តតែនៅក្នុងតំបន់ដែលមានហានិភ័យទាបប៉ុណ្ណោះ។ មុនពេលបើកដំណើរការឡើងវិញ ក៏នឹងមានការវាយតម្លៃដោយគណៈកម្មាធិការដែលមានអាជ្ញាធរមូលដ្ឋាន អាណាព្យាបាល និងបុគ្គលពាក់ព័ន្ធផ្សេងទៀត ខណៈសាលារៀនក៏តម្រូវឱ្យអនុវត្តតាមវិធានការបង្ការផងដែរ។
លោកក៏បានសំណូមពរដល់អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ត្រូវសហការជាមួយអាជ្ញាធរនិងសាលារៀនផងដែរ។ ដោយឡែកខេត្តសៀមរាបមានសាលារដ្ឋជាង ៦០០ រួមមានសាលាមត្តេយ្យ១៩ សាលាបឋមសិក្សា៥០៧ អនុវិទ្យាល័យ៨២ និង វិទ្យាល័យ៤១ ព្រមទាំងសាលាឯកជនប្រហែល ៦០៕