ស្ថានីយលក់ប្រេងសាំង ១៩៧ ទីតាំង រកស៊ីលក្ខណអាជីវកម្មមិនសុចរិត
ភ្នំពេញ៖ រយៈពេល ៨ខែឆ្នាំនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានចុះត្រួតពិនិត្យការធ្វើអាជីវកម្មប្រេងឥន្ធនៈ តាមបណ្តាស្ថានីយ និងដេប៉ូចំនួន ៤៤៧ ក្នុងនោះរកឃើញចំនួន ១៩៧ទីតាំង ប្រកបអាជីវកម្មមិនសុចរិត លក់ប្រេងសាំងមិនគ្រប់លីត្រ និងក្លែងបន្លំប្រេងធម្មតាទៅជាប្រេងស៊ុបពែរ។
លោក ផាន អូន អគ្គនាយក ក.ប.ប. ប្រាប់ថា នាថ្ងៃទី៣០ ខែសីហា ថា ក្នុងចំណោមស្ថានីយ និងដេប៉ូចំនួន ៤៤៧ ដែលបានត្រួតពិនិត្យក្នុងនោះរកឃើញដេប៉ូ ដែលប្រកបអាជីវកម្មមិនសុចរិត មិនអនុលោមទៅនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ចំនួន ១៩៧ ទីតាំង។ លោកថ្លែងថា៖ «ជាលទ្ធផលមាន ស្ថានីយ និងដេប៉ូចំនួន ១៨៤ ត្រូវបានមន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ បានអនុវត្តវិធានការពិន័យអន្តរការណ៍ទៅតាមប្រភេទបទល្មើស និងដេប៉ូចំនួន ១៣ និងបានព្រមានជាលាយលក្ខណ៍អក្សរ និងធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពមិនសុចរិតនេះបន្តទៀត»។
លោកបន្ថែមថា យោងតាមខ្លឹមសារនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងករណីទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសនឹងត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រ ចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាប័ណ្ណ។
លោក ផាន អូន បញ្ជាក់ថា៖ «ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ មន្ត្រីស៊ើបអង្កេតត្រូវកសាងសំណុំរឿងនៃបទល្មើសបញ្ជូនទៅតុលាការមានសមត្ថកិច្ច»។
លោកឱ្យដឹងថា ក្នុងរយៈពេល ៨ខែ ឆ្នាំនេះ ពុំទាន់មានម្ចាស់ស្ថានីយ ឬដេប៉ូណាមួយត្រូវបានមន្ត្រីស៊ើបអង្កេតអគ្គនាយកដ្ឋាន ក.ប.ប. កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅឡើយទេ។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា មន្ដ្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យដេប៉ូ និងស្ថានីយប្រេងឥន្ធនៈនៅរាជធានីភ្នំពេញ ខេត្ដតាកែវ និងខេត្ដបន្ទាយមានជ័យ ក្នុងនោះបានរកឃើញ ការធ្វើអាជីវកម្មលក់ប្រេងឥន្ធនៈល្មើសនឹងច្បាប់ជាបន្តបន្ទាប់។
ក្នុងប្រតិបត្តិការនោះ មន្ត្រីរកឃើញស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈមិនសុចរិតនៅស្រុកបាទី ខេត្ដតាកែវចំនួន ៥ ទីតាំង នៅរាជធានីភ្នំពេញចំនួន ៦ទីតាំង និងនៅខេត្ដបន្ទាយមានជ័យចំនួន ១០ទីតាំង។ ទីតាំងប្រេងសាំងទាំងនោះត្រូវបានមន្ដ្រីជំនាញរកឃើញថា ធ្វើអាជីវកម្មផ្ទុយនឹងច្បាប់ និងត្រូវបានចាត់វិធានការពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
លោក ផាន អូន បញ្ជាក់ថា អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តចុះត្រួតពិនិត្យតាមបណ្តាស្ថានីយ និងដេប៉ូចែកចាយប្រេងប្រេងឥន្ធនៈនៅទូទាំងប្រទេស និងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឱ្យបានដាច់ខាតការប្រកបអាជីវកម្មមិនសុចរិតពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់៕ ប្រភព ភ្នំពេញ ប៉ុស្ដិ៍