រដ្ឋបាលខេត្តរតនគិរី បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ.១៩ ចំនួន ១១នាក់ បន្ថែមទៀត
ខេត្តរតនគិរី៖ នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្សចំនួន ១១នាក់ បន្ថែមទៀត ក្នុងចំណោមមនុស្សចំនួន ៥៩៤នាក់ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបើកការធ្វើតេស្តរហ័ស បន្តរកឃើញអ្នកវិជ្ជមានកូវីដ.១៩ និងមានអ្នកស្លាប់ម្នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលទើបរកឃើញថ្មីនេះ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញនាពេលកន្លងមក ហើយអាជ្ញាធរខេត្តតម្រូវឲ្យបុគ្គលទាំងនោះ មកធ្វើតេស្ដសំណាក និងមួយចំនួនទៀត មានអាការៈមិនស្រួលខ្លួន បានស្ម័គ្រចិត្តមកធ្វើតេស្ដសំណាក ដោយខ្លួនឯង។ រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណជនទាំងអស់ ដែលធ្លាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ.១៩ ដែលបានរកឃើញកន្លងមក ឬ មានអាការៈសង្ស័យ ក្អក ក្ដៅខ្លួន ហៀរសំបោរ ពិបាកដកដង្ហើម សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬ ដាក់ខ្លួនឲ្យដាច់ដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យ សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ ០៩៧៥៩៥៧៧៨៨ /០៩២១២១៣៨៣ និង០៩៧៧៧៥១២១២ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ១២៣៣នាក់ (ករណី Deta ១០នាក់) អ្នកជាសះស្បើយសរុបចំនួន ៨៤១នាក់ និងអ្នកស្លាប់ ៩នាក់ ផងដែរ៕