ការជីកស្តារប្រឡាយម័រ សម្រេចបានប្រមាណ៩០ភាគរយហើយ នៅសល់ប្រវែងជាង៤០០ម៉ែត្រ
ភ្នំពេញ៖ ការជីកស្តារប្រឡាយម័រ នៅក្នុងភូមិសាស្រ្តភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែងជាង ៣គីឡូម៉ែត្រ ដោយចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ សម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់ប្រវែងប្រមាណ៤០០ម៉ែត្រប៉ុណ្ណោះ។
មន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងថា ក្រោមការណែនាំរបស់ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បាននឹងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័រ ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ។
មន្ត្រីដដែលបានបញ្ជាក់ថា ចំពោះមូលហេតុដែលបង្កអោយមានភាពយឺតយ៉ាវនៃការស្តារប្រឡាយម័រនេះ គឺដោយសារមានឧបសគ្គមួយចំនួន ពិសេសក្នុងកំណាត់ប្រឡាយប្រវែងជាង៤០០ម៉ែត្រដែលនៅសេសសល់នេះ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន សាងសង់ស្ពាន ខ្លះបោះបង្កោលឈើ និងថ្មនៅក្នុងប្រឡាយ ស្ទើបិទផ្លូវទឹកទៅហើយ ។ កត្តាទាំងនេះ បានធ្វើអោយ ក្រុមការងារស្តាប្រឡាយភូមិម័រ នៃមន្ទីរធនធានទឹករាជធានីភ្នំពេញអូសបន្លាយពេលវេលាអស់ជាច្រើនខែ ។
រហូតដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញបានបន្តដាក់គ្រឿងចក្រ ជីស្ដារប្រឡាយដើម្បី រំដោះទឹកចេញពីផ្នែកខ្លះប្រឡាយលូប្រាំ ប្រឡាយទួលពង្រទី១ និងផ្នែកខ្លះទៀតមកពីខណ្ឌ ពោធិសែនជ័យនិងខណ្ឌសែនសុខ ។
មន្ត្រីដដែលប្រាប់ដឹងទៀតថា ការងារស្ដារប្រឡាយ ភូមិម័រនេះ ចែកចេញជា ៣តំណាក់កាល ក្នុងនោះ ដំណាក់កាលទី១ គឺក្រុមការងារដាក់គ្រឿងចក្រឈរនៅ លើដីគោកចាប់ពីស្ថានីយ បូមទឹកលូប្រាំ ដំណាក់កាលទី២ និងទី៣ ត្រូវដាក់គ្រឿងចក្រក្នុងសាឡង់ចុះស្តារហូតដល់ស្ថានីយបូមទឹកបឹងទំពន់ រហូតមកដល់ពេលនេះប្រឡាយភូមិម័លត្រូវបានក្រុមការងារស្ដារនិងកាយយកភក សំរាម និង ស្មៅ ដើមឈើដុះក្នុង ប្រឡាយស្រេចបានប្រមាណ៩០ភាគរយហើយ។ មន្ត្រីបញ្ជាក់ទៀតថា៖ប្រឡាយម័រនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យ ៕