សប្បុរសជនប្រគល់គ្រឿងឧបភោគ បរិភោគ និងសំភារៈប្រើប្រាស់មួយចំនួនជូនរដ្ឋបាលរាជធានី
ភ្នំពេញ៖ គ្រឿងឧបភោគ បរិភោគ និងសំភារៈ ប្រើប្រាស់មួយចំនួន ដើម្បីចូលរួមជួយប្រឆាំងទប់ស្លាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ត្រូវបានក្រុមហ៊ុន ឆ្នោតមហាសំណាង យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ ។
ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៩ កញ្ញា ក្រោមវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ លោក កើត ឆែ ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា “ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ឆ្នោតមហាសំណាង ដែលបានឧបត្ថម្ភ អង្ករចំនួន ២០តោន ទឹកបរិសុទ្ធវីតាល់ ចំនួន ១០០កេស មីជាតិចំនួន ១០០កេសតូច អាល់កុល ចំនួន ១៥០លីត្រនិងម៉ាស់ ចំនួន ១២ ៥០០ម៉ាស់ ជួនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ (Covid-19)។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហា តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។”
លោកអភិបាលរងបានបន្តថា “ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ-១៩ (Covid-i9) សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់” ៕ អរគុណសន្តិភាព