វគ្គរដ្ឋបាលកីឡាមានសារៈសំខាន់ណាស់ ដើម្បីជំរុញឱ្យមន្ត្រីកីឡាបំពេញការងារកាន់តែមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ នៅក្នុងពិធីបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ដោយបានចាត់ទុកថា វគ្គនេះមានសារសំខាន់ណាស់ ក្នុងការជួយជំរុញឱ្យមន្ត្រីកីឡាអាចបំពេញចរន្តការងាររដ្ឋបាលកីឡា និងការងារទំនាក់ទំនងក្នុងរង្វង់ជំនាញកីឡាឲ្យកាន់តែរលូន និងកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមវ៉ាត់ ចំរើន បានឱ្យដឹងថា ការបញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា ដែលជា វគ្គសិក្សាប្រចាំឆ្នាំរបស់ NOCC ជូនដល់មន្ត្រីកីឡាចំនួន២៥នាក់ ក្នុងនោះមានដូចជា មន្ត្រីតាមសហព័ន្ធកីឡាជាតិ និងមន្ត្រីក្នុងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីចែករំលែកចំណេះដឹង ទ្រឹស្តីនិងគោលការណ៍កីឡា ជួយជំរុញឱ្យពួកគាត់កាន់តែរឹងមាំក្នុងការបំពេញការងារកីឡាកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តមបន្ថែមថា ដោយទទួលបានការជំរុញពីឯឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC យើងបានរៀបចំវគ្គសិក្សានេះឡើង និងនៅមានវគ្គបណ្តុះបណ្តាលជាច្រើន នៅតាមបណ្តាខេត្តផ្សេងៗទៀតដោយ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា នៃបណ្តាខេត្តទាំងនោះ ដោយ NOCC បានស្នើសុំគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា រួចរាល់ហើយ។
ឯកឧត្តមបញ្ជាក់ថា វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់ទៅលើវេជ្ជសាស្ត្រកីឡា ការរៀបចំរចនាសម្ព័ន្ធកីឡា ប្រវត្តិកីឡា គោលការណ៍លេងដោយយុត្តិធម៌ រួមទាំងចំណេះដឹងស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យកីឡាផងដែរ។ ដូច្នេះ នេះជាការប្រមូលផ្តុំខ្លឹមសារ ដើម្បីបញ្រ្ជាបការយល់ ដឹងពីប្រព័ន្ធគ្រប់គ្រងនៃវិស័យកីឡាជាតិ និងអន្តរជាតិ ដើម្បីជួយធ្វើឱ្យសិក្ខាកាមទាំងអស់ ទទួល បានចំណេះដឹងបន្ថែមពីចរន្តការងាររដ្ឋបាលកីឡា និងការងារទំនាក់ទំនងក្នុងរង្វង់ជំនាញកីឡា ឱ្យកាន់តែរលូន និងកាន់តែមានប្រសិទ្ធភាពខ្ពស់។
ម្យ៉ាងទៀត ពួកគាត់ទទួលបានខ្លឹមសារបន្ថែម ដើម្បីជួយជំរុញលើកទឹកចិត្តឱ្យមន្ត្រីកីឡាទាំងអស់នេះ ផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍ជំនាញកីឡា ដោយជំនាញកីឡានេះ ប្លែកពីជំនាញផ្សេងទៀត គឺត្រូវយកទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំបញ្ញាស្មារតី មកហ្វឹកហាត់ ដើម្បីឱ្យទទួលបាននូវសមត្ថភាពពិតប្រាកដ។ បន្ថែមពីនោះ ដើម្បីឱ្យសមត្ថភាពជំនាញអាចកើតឡើងបាន គឺទាល់តែយើងប្រើប្រាស់រាល់ឧបករណ៍ ធាតុផ្សំសំខាន់ៗ ក្នុងការរុញច្រានឱ្យជំនាញវិជ្ជាជីវៈកីឡា នីមួយៗ កាន់តែមានកម្រិតខ្ពស់ផងដែរ ហើយអ្វីដែលជាបញ្ហារបស់កីឡា គឺមន្ត្រីកីឡាទាំងអស់ ត្រូវតែយល់ច្បាស់ថា តើអ្នកណាជាតួអង្គឯក តួអង្គសំខាន់ៗ ដោយក្នុងកីឡា គឺតួអង្គឯក គឺកីឡាករ កីឡាការិនី ដែលអ្នកគាំទ្រទាំងអស់ ដូចជាគ្រូបង្វឹក ថ្នាក់ដឹកនាំកីឡា ជួយជំរុញឱ្យការហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងរុញឱ្យសម្រេចតាមគោលដៅរបស់គាត់។
លោក ឯម ហៀង គណៈគ្រប់គ្រងវគ្គនេះគូសបញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា ក្រោមការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ បានដំណើរការពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា បង្រៀនដោយគ្រូឧទ្ទេសនាមចំនួន៣រូប តាមប្រព័ន្ធបច្ចេកវិទ្យា Zoom។ ចំពោះលទ្ធផលនៃវគ្គនេះរួមមាន និទ្ទេសល្អណាស់ ៧នាក់ ស្មើនឹង៣០% និទ្ទេសល្អ ១០នាក់ = ៤៣% និងនិទ្ទេសមធ្យម ៦នាក់ ស្មើនឹង ២៧%៕