លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានភារៈរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជន ចំនួន ២ខ្នង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសលើកទី ១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២១ របស់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃច័ន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។

ក្នុងនាមតំណាងឲ្យគណៈចលនាស្ត្រី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភា និងអភិវឌ្ឍន៍ លោកជំទាវកិត្តិសង្គហបណ្ឌិត បាន ថ្លែងនូវការអបអរសាទរយ៉ាងខ្ពង់ខ្ពស់ជាមួយ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្តេច ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក2021 (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” អមជាមួយទឹកប្រាក់ ១លានដុល្លារ ហើយថវិកានេះសម្តេចក៏បានបង្វែរយកទៅកសាងផ្ទះអតីតយុទ្ធជន។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏ជាផ្នែកមួយ នៃការសូមចូលរួមសកម្មភាពជាមួយ រាជរដ្ឋាភិបាល ក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជន ចំនួន ២ខ្នង ផងដែរ ។ នេះបើយោងតាមស្មារតីកិច្ចប្រជុំឆមាសលើកទី ១ និងលើកទិសដៅអនុវត្តឆមាសទី ២ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួង ស្ថាប័ន នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ។

ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសសើរនូវរាល់សកម្មភាពរបស់ពលោកជំទារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ដោយបានផ្តោតលើការងារស្នូលរបស់នារីនៅគ្រប់ស្ថាប័ន ក៏ដូចជាការងារចូលរួមចំណែកយ៉ាងសំខាន់នៅគ្រប់អង្គភាពពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។

នៅចំពោះមុខដ៏ខ្លីខាងមុខ លោកជំទាវ កិត្តិសង្គហបណ្ឌិត បានឲ្យនារីយើងទាញការចាប់អារម្មទៅលើសកម្មភាពនារីនៅក្នុងការត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ចូលរួមក្នុងការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណាត្តិទី ៥ ឆ្នាំ២០២២ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣ នាពេលខាងមុខនេះ ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើឲ្យ ឯកឧត្តម លោកជំទាវ ត្រូវចូលរួមទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ-១៩ តាមរយៈការបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ ការពារ-៣ កុំ» ពិសេសត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើន « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ-១៩ ពិសេស ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មី ក៏ដូចជាដើម្បីត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការ នៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី, រាជរដ្ឋាភិបាលបានសម្រេចប្រកាសដាក់ចេញនូវ « គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ » ដល់ប្រជាជនទូទៅចាប់ពីអាយុ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ និងឈានទៅបើកសាលរៀនទាំងអស់នៅទូទាំងប្រទេសឡើងវិញផងដែរ ៕ អរគុណសន្តិភាព






