ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកជាគោលការណ៍ការប្រកួតប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ នាខែតុលា ឆ្នាំ២០២១

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូនឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្តីពីការស្នើសុំផ្អាកជាគោលការណ៍នៃការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ នាខែតុលា ឆ្នាំ២០២១ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅមិនទាន់ធូរស្បើយ។

នៅក្នុងលិខិតផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ដោយយោងលើស្ថានភាពមិនទាន់ធូរស្បើយនៃការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចជាគោលការណ៍ឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ផ្អាកការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលគ្រោងនឹងរៀបចំប្រកួត នៅថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។

លោក ពេជ្រ សូផែន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទទួលបន្ទុកការងារបច្ចេកទេស និងការងារព័ត៌មាន បានមានប្រសាសន៍ថា ការសម្រេចផ្អាកនេះមិនទាន់ដឹងច្បាស់អំពីកាលបរិច្ឆេទថ្មីនៅពេលណា ឬក៏អាចពន្យារពេលដល់ឆ្នាំ២០២២។ តាមគម្រោង សហព័ន្ធបានជូនដំណឹងដល់បណ្តាប្រទេសទាំងអស់ក្នុងអាស៊ានរួចរាល់ហើយអំពីការត្រៀមរៀបចំនេះ ប៉ុន្តែដោយសារការផ្អាកនេះមិនទាន់ច្បាស់លាស់ពីការចូលរួមថា តើមានកីឡាករប៉ុន្មាននាក់ មកពីប្រទេសណាខ្លះនៅឡើយទេ។
គម្រោងនៃព្រឹត្តិការណ៍កីឡាប្រ ដាល់អាស៊ាននេះ គឺដើម្បីបង្កើនគុណផលរបស់កីឡាករប្រដាល់កម្ពុជា ឱ្យកាន់តែមានសក្តានុពល ត្រៀមឆ្ពោះទៅប្រកួតប្រជែងមេដាយស៊ីហ្គេម ២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នាចុងខែមេសា-ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ពេជ្រ សូផែន បញ្ជាក់ទៀតថា តាមផែនការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានត្រៀមរៀបចំវិញ្ញាសា ក្នុងការប្រកួតជើងឯកកម្រិតអាស៊ាននេះ មានចំនួន១០ប្រភេទទម្ងន់ ដូចជាប្រភេទទម្ងន់ ៤៥គីឡូក្រាម, ៤៨, ៥១, ៥៤, ៥៧, ៦០, ៦៣.៥, ៦៧, ៧១ និងទម្ងន់ ៨១គីឡូក្រាម។
ទោះជាបច្ចុប្បន្ន ការប្រកួតជើងអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ត្រូវបានផ្អាកបណ្តោះអាសន្នក្តី ក៏លោកអគ្គលេខាធិការរងរូបនេះ នៅតែរំពឹងថា កម្ពុជានឹងអាចរៀបចំការប្រកួតនេះបាន ក្នុងពេលដែលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ ដើម្បីគោលដៅបង្កើនប្រសិទ្ធផលរបស់កីឡាករជម្រើសជាតិប្រដាល់គុនខ្មែរ ឲ្យកាន់តែមានសក្តានុពល ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រជាលើកដំបូង របស់ព្រះរាជាណាចក្រកម្ពុជា៕
