កម្ពុជាស្នើសុំឱ្យធនាគារពិភពលោក ពិចារណាឡើងវិញលើលក្ខខណ្ឌឥណទានដែលមានកម្រិតសម្បទានខ្ពស់
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំឱ្យធនាគារពិភព លោកពិចារណាឡើងវិញ លើលក្ខខណ្ឌឥណទានដែលមាន កម្រិតសម្បទានខ្ពស់ ដូចបណ្តាដៃគូអភិវឌ្ឍន៍ផ្សេង ទៀត និងពន្យារពេលអនុវត្តលក្ខខណ្ឌឥណទានថ្មី ដើម្បីឱ្យកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធធំៗ សម្រាប់គាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។
ការស្នើសុំនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភព លោកប្រចាំ តំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក តាមរយៈ Video Conference កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចាក់វ៉ាក់សាំង ដោយគិតមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានប្រមាណជាង ៩០% ធៀបនឹងគោល ដៅចំនួន ១០ លាននាក់ និងកុមារ អាយុចាប់ពី ១២ ឆ្នាំ រហូតដល់ក្រោម ១៨ ឆ្នាំ បានប្រមាណ ១,៤ លាននាក់ ធៀបនឹងគោលដៅ២លាននាក់ ។ កម្ពុជាក៏នឹងបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់នាពេលឆាប់ៗនេះ លើកលែងតែកម្រិតបឋម សិក្សា ។ បន្ថែមពីនេះ, កម្ពុជាគ្រោងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញតាមបែបគន្លងថ្មី ដោយនឹងត្រូវចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់មកវិស័យទេសចរណ៍ក្នុងស្រុក និង ទេសចរណ៍ដែលបានទទួលការចាក់វ៉ាក់សាំងរួច ជាដើម ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏សំណូមពរឱ្យធនាគារពិភព លោកជួយកៀរគរធនធានជាហិរញ្ញប្បទានឥតសំណង សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ និងគាំពារសង្គមដូចជាគម្រោងអប់រំ, អភិវឌ្ឍន៍ជំនាញ និងសុខាភិបាលជាដើម ដែលកំពុងមានតម្រូវ ការកាន់តែច្រើន ជាពិសេសក្នុងបរិការណ៍ក្រោយជំងឺកូវីដ- ១៩ ។ លោកស្រី Victoria Kwakwa បានថ្លែងអំណរ គុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ ប្រពៃ របស់កម្ពុជានាពេលកន្លងមក ដែលបានធ្វើឱ្យអាណត្តិរបស់លោកជំទាវបញ្ចប់ទៅបានដោយជោគ ជ័យ។លោកស្រី ក៏អបអរសា ទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់ គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស លើចំណាត់ការដ៏រហ័សក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ធៀបនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ក៏ដូចជាការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំង ឡាយ ។ ទន្ទឹមនឹងនេះ, លោកស្រី ក៏បានលើកឡើងអំពីកិច្ចសហ ប្រតិបត្តិការភាពជាដៃគូដ៏ល្អ រវាងធនាគារពិភពលោកនិងរាជរដ្ឋាភិបាលកម្ពុជា ក្រោមស្មារតីគោរពគ្នា និងគោរពភាពជាម្ចាស់របស់កម្ពុជានាពេលកន្លងមក ដែលនេះគឺជាសក្ខីភាពឆ្លើយតបទៅនឹងប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នៅពេលដែលលោកជំទាវចូលកាន់តំណែងដំបូង ។ លោកស្រី ក៏បានថ្លែងជំហរគាំទ្រទាំងស្រុង ចំពោះសំណើដែលបានលើកឡើងដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ព្រមទាំងបានសន្យាពាំនាំយកទៅពិភាក្សាឡើងវិញ ជាមួយថ្នាក់ ដឹកនាំរបស់ធនាគារពិភព លោក ដើម្បីដោះស្រាយក៏ដូច ជាផ្តាំផ្ញើបន្តទៅលោកស្រី Manuela Ferro អនុប្រធានធនាគារពិភពលោកថ្មី ដែលនឹងចូលជំនួសរកមធ្យោបាយឱ្យកម្ពុជា មានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានឥតសំណង ឬកម្ចីដែលមាន កម្រិតសម្បទានខ្ពស់ ៕ អរគុណសន្តិភាព