ប្រទេសថៃពិចារណាក្នុងការអនុម័តគោលនយោបាយថ្មីនៃការបើកប្រទេសឡើងវិញដើម្បីជំរុញវិស័យទេសចរណ៍
បរទេស៖ អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក Yuthasak Supasorn បាននិយាយថា ផែនការបើកឡើងវិញសម្រាប់ខេត្តប៉ាតាយ៉ា ខេត្តឈៀងម៉ៃ ខេត្តហួហ៊ីន ខេត្តចាអាម និងទីក្រុងបាងកក នឹងត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ (CCSA) នៅសប្តាហ៍ក្រោយនេះ ដើម្បីស្វែងរកការទទួលបានអ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញចាប់ពីថ្ងៃទី១ ខែតុលា ខណៈដែលកម្មវិធី «កោះសាមុយបូក» នឹងក្លាយជាគោលដៅដែលមិនបាច់ធ្វើចត្តាឡីស័ក។
យោងតាមផែនការនេះ គ្រប់ខេត្តទាំងអស់នឹងអនុវត្តនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ដូចគ្នា ដែលអាចឱ្យភ្ញៀវទេសចរធ្វើដំណើរដោយសេរីនៅក្នុងតំបន់ដែលបានកំណត់នៅក្នុងខេត្តនីមួយៗ។ អ្នកទេសចរទាំងអស់ត្រូវអនុវត្តតាមការណែនាំនានា ដូចជាការប្រើប្រាស់កម្មវិធីទូរស័ព្ទ Mor Chana និងត្រូវត្រួតពិនិត្យជារៀងរាល់ថ្ងៃដោយអ្នកគ្រប់គ្រង SHA Plus ជំនួសឱ្យការធ្វើចត្តាឡីស័ក ឬគ្រាន់តែធ្វើដំណើរទៅតាមកម្មវិធីទេសចរណ៍។
អាជ្ញាធរ TAT ក៏បានពិភាក្សាជាមួយអាជ្ញាធរសុខាភិបាលផងដែរក្នុងការបញ្ចុះតម្លៃមកនៅត្រឹមប្រមាណ ៨ ០០០បាតសម្រាប់ការធ្វើតេស្ត RT-PCR ចំនួនបីដង ដែលត្រូវបានចាត់ទុកថាជាឧបសគ្គសម្រាប់កម្មវិធីបើកប្រទេសឡើងវិញ រួមទាំងកម្មវិធី «ប្រអប់ខ្សាច់ភូកេត» និង «កោះសាមុយបូក»។ តម្លៃនៃកញ្ចប់ធ្វើតេស្តនោះគួរត្រូវបានអនុវត្តជាសកលនៅក្នុងគ្រប់ខេត្តទាំងអស់ចាប់ពីខែតុលាទៅ រួមទាំងកម្មវិធី «ប្រអប់ខ្សាច់ភូកេត» ផងដែរ។
ក្រសួងការងារថៃបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យអាជីវកម្មនាំចូលពលករចំណាកស្រុកម្តងទៀត ប៉ុន្តែក្នុងតម្លៃមួយដែលទាក់ទងនឹងការឃ្លាំមើលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។
ការងាររបស់ជនជាតិមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា នឹងត្រូវបានធានាដោយអនុស្សារណៈយោគយល់គ្នា (MoU) ដែលត្រូវបានចុះហត្ថលេខាជាមួយប្រទេសរៀងៗខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញចន្លោះប្រហោងដែលបានបង្កើតឡើងនៅក្នុងវិស័យការងារដោយពលករចំណាកស្រុកបានវិលត្រឡប់ទៅផ្ទះវិញយ៉ាងច្រើននៅពេលស្ថានភាពជំងឺកូវីដ-១៩ កាន់តែអាក្រក់ទៅៗ។
កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ប្រទេសថៃបានប្រកាសបន្ថែមនូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១ ៧៨៦នាក់ និងអ្នកស្លាប់ថ្មីចំនួន ១៣៦នាក់ ដែលធ្វើឱ្យចំនួនអ្នកជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះកើនឡើងដល់ជាង ១,៤លាននាក់ និងស្លាប់សរុបចំនួន ១៤ ៦៣១នាក់៕ by AKP