ខេត្តពោធិ៍សាត់ ទទួលបានរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ថ្មីមួយបន្ថែមលើ​សមិទ្ធផលដែលមានក្នុងខេត្ត

ខេត្តពោធិ៍សាត់៖ ពិតជាមហាកិត្តិយសក្រៃលែង! ក្រោមម្លប់នៃ «សន្តិភាព» ដែលដឹកនាំដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់​ជូនកាដូពិសេសថ្មីមួយ សម្រាប់​ខេត្តពោធិ៍សាត់ គឺរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ដែលរោងចក្រនេះអាចស្រូប​យក​កម្លាំងពលកម្ម បានប្រមាណ​៥០០នាក់ សម្រាប់​ខ្សែចង្វាក់ផលិតកម្ម ឆ្លើយ​តប​ទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។
ជាក់ស្តែង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/​គណៈកម្មាធិការ​វិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើ​គម្រោង​វិនិយោគរោងចក្រផ្គុំ និងតម្លើង​រថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes។
កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃ​គណៈអភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា​/​​គណៈកម្មាធិការវិនិយោគកម្ពុជា។
ឆ្លងកាត់កិច្ចប្រជុំនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន​មាន​ប្រសាសន៍​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះគម្រោងនេះ ដោយបានលើកឡើងថា ក្រោមការ​ដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច​បានធ្វើឱ្យមាតុប្រទេសរបស់យើង មាន​អភិវឌ្ឍន៍ និងរីក​ចម្រើនជាលំដាប់ ជាពិសេសនិយាយជា​រួម​និងនិយាយដោយ​ឡែក ខេត្តពោធិ៍​សាត់ត្រូវបានទទួល នូវមរតកអមតៈ​ជាច្រើន ដែលថ្ងៃនេះ​ទទួលបាននូវមរតកថ្មីមួយបន្ថែមទៀត គឺរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ក្នុងស្រុកក្រគរ នៃ​ខេត្តពោធិ៍សាត់។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត តំណាងឱ្យពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមសូមស្វាគមន៍​យ៉ាង​កក់​ក្តៅ និងសូម​ទទួលយក ព្រមទាំងចូលរួមទៅតាមលទ្ធភាព ជាមួយនឹងការ​តម្លើងរោងចក្រ​នេះ។ ឯកឧត្តមមានសង្ឃឹម​យ៉ាងមុតមាំថា “រោងចក្រនេះ ដែលបង្កើតនៅក្នុងទឹកដីនៃ​ខេត្ត​ពោធិ៍​សាត់ នឹងធ្វើឱ្យមាន​ការ​លើកកម្ពស់នូវជីវភាព កាត់បន្ថយភាពក្រីក្ររបស់​ប្រជាពលរដ្ឋក្នុ​ង​ខេត្ត ជាពិសេសគឺយើងទទួលបាន នូវការ​ស្រូបយកទីផ្សារពលកម្ម ដែលទាំងនេះគឺជាការ​ចូលរួម​ចំណែកយ៉ាងធំធេងណាស់ ក្រោមម្លប់នៃសន្តិភាព ដែល​សម្តេចបានយកអាយុជីវិតទៅប្តូរ ទើប​មាន​ការអភិវឌ្ឍនៅលើទឹកដីនៃមាតុភូមិយើង និងនិយាយដោយ​ឡែក នៅ​ក្នុងខេត្តពោធិ៍សាត់​របស់យើងខ្ញុំ” ៕
អត្ថបទដែលជាប់ទាក់ទង