ក្រុមតារាមហាហង្សចាញ់ ក្នុងថ្ងៃបើកឆាកជាមួយម្ចាស់ផ្ទះថៃ សម្រាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់ក្នុងសាលអាស៊ាន AFF Futsal Cup 2021
កីឡា៖ ក្រុមតារាមហាហង្ស ដែលជាបេក្ខភាពតំណាងរបស់កម្ពុជាបានប្រកួតចាញ់ក្រុម Freefire Bluewave Chonburi ដែលជាម្ចាស់ផ្ទះ ដោយលទ្ធផល ១ទល់៥ ដែលជាការប្រកួតបើកឆាកដំបូងរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ក្នុងសាលអាស៊ាន (AFF Futsal Cup 2021) កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅខេត្ត Nakhon Ratchasima ប្រទេសថៃ។
បើទោះបីជាក្រុមតារាមហាហង្សបានបាត់បង់ឱកាសស្វែងរកពិន្ទុ នៅប្រកួតដំបូងនេះក្តី ក៏បេក្ខភាពតំណាងកម្ពុជាមួយនេះនៅតែបន្តកិច្ចខិតខំប្រឹងប្រែង ដោយនៅសល់៣ប្រកួតទៀត ដោយប្រកួតទី២ ត្រូវប៉ះជាមួយនឹងក្រុម Pahang Rangers FC នៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ និង២ប្រកួតបន្ទាប់ត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះមួយទៀត គឺក្រុម Port FC នាថ្ងៃទី១៦ ខែកញ្ញា និងប៉ះជាមួយ ក្រុម Selangor Mac FC នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។
ព្រឹត្តិការណ៍ AFF Futsal Cup 2021 នេះមាន៥ក្រុម ចូលរួមប្រកួតប្រជែងជើងឯក រួមមាន៖ ២ក្រុមរបស់ប្រទេសថៃ គឺ Free Fire Bluewave Chonburi និង Port FC, ២ក្រុមមកពីម៉ាឡេស៊ី គឺ Selangor FC និង Pahang Rangers FC និងក្រុមតារាមហាហង្ស (Mohahang All Stars FC) របស់កម្ពុជា ដោយដំណើរការប្រកួតពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១៕ by AKP