ព្រឹត្តិការណ៍កីឡាប្រដាល់សកលថ្មីមួយ ត្រូវបានបង្កើតឡើងដើម្បីគោលដៅស៊ីហ្គេម ២លើកចំពោះមុខ

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្រកាសពីការប្រកួតថ្មីមួយ ដែលប្រសិទ្ធនាមឱ្យថា «ULTIMATE BOXING CHAMPIONSHIP 2021»ដែលនឹងចាប់ផ្តើមប្រកួតសប្តាហ៍ទី១ នាថ្ងៃទី១៩ ខែកញ្ញា ដែលមាន៦ប្រកួត លើប្រភេទទម្ងន់ពី ៤៩ ដល់ ៦៤គីឡូក្រាម ដើម្បីសម្រួចគោលដៅឆ្ពោះទៅប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២លើកចំពោះមុខ។ នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធប្រដាល់សកលកម្ពុជាបានមានប្រសាសន៍ថា «ខ្ញុំសំណូមពរយ៉ាងទទូចដល់កីឡាករទាំងអស់ ដែលចូលរួមប្រកួតនេះត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យសហព័ន្ធស្វែងរកបាននូវធនធានល្អៗ ក្នុងដំណើរឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២២ ក៏ដូចជាគោលដៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ»។ លោកប្រធានក៏បានស្នើឱ្យគ្រប់កីឡាករគ្រប់រូបគោរពឱ្យបាននូវវិន័យ ក្រមសីលធម៌ ប្រឹងប្រឹងការហ្វឹកហាត់ ក៏ដូចជាអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩។ ជាមួយគ្នានោះលោកប្រធានសហព័ន្ធរូបនេះក៏បានរម្លឹកពីការដណ្តើមបានមេដាយសំរឹទ្ធិ ៥គ្រឿងពី ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ដែលនេះជាការខិតខំរួមគ្នា ជាពិសេសគឺការប្រឹងប្រែងរបស់កីឡាករជម្រើសជាតិតែម្តង។

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd Business School ដែលជាអ្នកឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះគូសបញ្ជាក់ដែរថា មូលហេតុដែលលោកបានជួយនេះ គឺដោយសារលោកស្រឡាញ់វិស័យកីឡាប្រដាល់សកលកម្ពុជា ហើយលោកចង់ចូលរួមលើកស្ទួយវិស័យកីឡានេះឱ្យបានកាន់តែរីកចម្រើន ក្នុងគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ លោកបានលើកឡើងថា «ខ្ញុំឃើញកីឡាករ កីឡាការិនីប្រដាល់សកលខ្មែរមានសក្តានុពលល្អ ហើយតាមរយៈការរួមចំណែករបស់ខ្ញុំ។ ខ្ញុំជឿជាក់ថា ការប្រកួតនេះនឹងជួយបន្ថែមនូវកម្រិតសមត្ថភាពរបស់កីឡាករ កីឡាការិនីកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីសម្រេចតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ»។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឱ្យដឹងថា ការប្រកួតកីឡាប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 ត្រូវបានធ្វើឡើងស្របតាមផែនការយុទ្ធសាស្រ្តស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយក្នុងការអភិវឌ្ឍវិស័យកីឡាប្រដាល់សកល នៅកម្ពុជាឱ្យក្លាយជាប្រភេទកីឡាដ៏មានប្រជាប្រិយភាព និងមានសក្តានុពលនៅក្នុងតំបន់ និងអន្តរជាតិ។ លោកបន្ដថា សហព័ន្ធនៅតែខិតខំព្យាយាមយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួនឈានទៅទទួលបានជោគជ័យសម្រាប់ការធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោកអគ្គលេខាធិការក៏បានបង្ហាញពីគោលបំណងនៃការប្រកួតនេះថា ជាការផ្តល់ឱកាសដល់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាចូលរួមការប្រកួតក្នុងស្រុកឱ្យបានច្រើនដើម្បីពង្រឹងបច្ចេកទេសមុនឈានទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ ជាពិសេសឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣។ ជាមួយគ្នានេះ ត្រូវអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីប្រដាល់សកលនៅតាមបណ្តាក្លឹប និងសមាគមក្រោមចំណុះសហព័ន្ធមុនចូលរួមការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១។ លោកក៏បានជំរុញឱ្យពង្រឹងសមត្ថ ភាពរបស់អាជ្ញាកណ្តាល-ចៅក្រម និងមន្ត្រីបច្ចេកទេសឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ អភិវឌ្ឍធនធានកីឡាករ កីឡាការិនីនៅតាមបណ្តាក្លិប និងសមាគម និងពង្រឹងសក្តានុពល វិស័យកីឡាប្រដាល់សកលនៅកម្ពុជា។
សូមបញ្ជាក់ថា ការរៀបចំកម្មវិធីប្រកួតនេះគ្រោងរៀបចំ៦លើក រៀងរាល់ពីរសប្តាហ៍ម្តង នៅក្លឹបប្រដាល់នាយកដ្ឋានអង្គរក្សរបស់លោកគ្រូ ស៊ន អេលីត ដោយមានផ្សាយផ្ទាល់នៅលើ Page ផ្លូវការរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា “Cambodia Boxing Federation”, Page: Sorn Elit Kun Khmer និង Page: VEHA Media។ សម្រាប់ការរៀបចំកម្មវិធីប្រកួតលើកទី១ នឹងប្រព្រឹត្តនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦.០០នាទីល្ងាច ដោយមានចំនួន ៦គូ និងមានការចូលរួមប្រកួតពីកីឡាករជម្រើសជាតិប្រដាល់សកល និងកីឡាករមកពីបណ្តាក្លឹបប្រដាល់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ៕ អរគុណសន្តិភាព