Detail Top Banner

ភ្លៀង១មេធំទៀត បានខ្ជាក់ទឹកចេញពីកសិណប្រាសាទបន្ទាយឆ្មារ,លិចធ្លាសាលា ឯមណ្ឌលការ៉េពីរ(២២២២) លិចលើកទី៤ ជើងភ្នំដងរ៉ែកទឹកស្រក


ខេត្តបន្ទាយមានជ័យ៖ ភ្លៀង១មេធំទៀត ទឹកខ្ជាក់ចេញពីកសិណប្រាសាទបន្ទាយឆ្មារ,លិចធ្លាសាលា ឯមណ្ឌលការ៉េពីរ(២២២២) លិចលើកទី៤ ឯជើងភ្នំដងរ៉ែក ទឹកស្រក ។


លោក ម៉ៅ ស៊ុី ប្រធានសហកមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារអោយដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១​ថា៖ ក្រោយភ្លៀងមួយមេធំពីល្ងាចដល់យប់ថ្ងៃទី១៣ខែកញ្ញា ស្ថានភាពទឹកនៅកសិណប្រាសាទបន្ទាយឆ្មារពេញប្រៀបហើយខ្ជាក់ចេញ ដោយហូរកាត់ពីថ្នល់នៅចំណុចខ្លុះ។


លោកបានបន្តថា ខាងអាងជើងគ្រុសឯណោះវិញ(រមណីយដ្ឋានទេសចរណ៍ពាក់កណ្តាលធម្មជាតិ) ដែលទទួលទឹកហូរចុះពីខ្ពង់រាប និងជើងជួរភ្នំដងរែក ទោះបីជាទឹកហក់ឡើង ក៏ទឹកនៅមិនទាន់ហូរលើខ្នងប្រឡាយ​និងផ្លូវនៅជិតនោះដែរ ។


ចំណែកលោក យង់ យឺន អភិបាលរងស្រុកថ្មពួក បានអោយដឹងថ្ងៃដែរថា៖ ភ្លៀង១មេដូចបាក់មេឃមួយមេពីយប់មិញ បានបង្កលិចទីធ្លាមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាថ្មពួកនិងលិចចូលក្នុងអគារ២ខ្នង តែសំណាងល្អបានពលករចេញអស់ភាគច្រើន នៅសល់តិចតួច។


ទោះយ៉ាងណា ក្រុមការងារក៏ត្រូវតែជម្លៀសបងប្អូនមកឱ្យនៅអគារដែលមិនលិចទឹកដែរ ។


ចំណែកលោកវរសេនីយ៍ ម៉ក់ សុង អតីតមេបញ្ជាការផ្នែកសឹករងស្រុកថ្មពួក បច្ចុប្បន្នស្នាក់នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ឬគេនិយមហៅថា ដីការ៉េពីរ (២.២២២ហិចតា) តំបន់៣ស្រុក នាភូមិកូនខ្លែង ឃុំប៉ោយប៉ោយចារ ស្រុកភ្នំស្រុក បានអោយដឹងនាថ្ងៃដដែលថា៖ នារដូវវស្សានេះ មណ្ឌលនេះបានរងគ្រោះដោយជំនន់ទឹកភ្លៀងលិចអស់៤លើមកហើយ គឺលិចចំណុចផ្លូវខ្លះ តែទីធ្លាផ្ទះ សាលា ប៉ុស្តិ៍សុខភាព និងចម្ការច្បារដំណាំ គឺលិចទាំងអស់។


ហេតុនេះហើយ អតីតយុទ្ធជនស្នើសុំថ្នាក់លើ និងអ្នកជំនាញជួយសិក្សានិងដោះស្រាយបញ្ហានេះផង ។


ចំណែកលោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមាជ័យនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក អោយដឹងដែរថា ៖ តាំងពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១មក បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅចំណុចជើងភ្នំដងរ៉ែក ឃុំបន្ទាយឆ្មារ ចំណុចឣូរកំបុត ឃុំគោករមៀត និងចំណុចឣាងទឹកតាឆាយ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ពោលគឺបន្ទាប់ពីស្ថានភាពទឹកបានហក់ឡើងខ្លាំងនៅ២-៣ថ្ងៃមកនេះ ។


លោកអោយដឹងថា ឥឡូវនេះ ទឹកបានស្រក់ចុះជាបណ្តើរៗនៅប៉ែកខាងលើដោយសារពុំមានភ្លៀងថ្មី។
ប៉ុន្តែទឹកបានស្រុងមកខាងក្រោមនៅឃុំថ្មពួក ស្រុកថ្មពួក។


ក្នុងនោះស្ថានភាពទឹកកំពុងហូរជន់ហៀរខ្ជាក់ពីពោះស្ទឹងបណ្តាលឲ្យលិចផ្លូវ២កន្លែង និងហូរច្រោះដីគល់ស្ពានបាឡេ ចាស់មួយកន្លែង នៅលើផ្លូវស្រែភ្ជាប់ពីថ្មពួកទៅភ្នំព្រះ ប៉ុន្តែក្រុមការងារបានប្រើការ៉ុងច្រកដីទប់ និងប្រើ Escavotor កាយទប់ទឹកឣាចគ្រប់គ្រងស្ថានការណ៍បានដោយមិនមានគ្រោះថ្នាក់ដល់មនុស្ស សត្វ ផលដំណាំ និងបង្កការខូចខាតធំដុំនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង