ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ អញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤»

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធសៀវភៅ «ស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤» នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
ឯកឧត្តមប្រធាន បានសម្តែងការអបអរសាទរចំពោះមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដែលបានចងក្រងសៀវភៅដ៏ល្អនេះ និងដែលតែងផ្តល់កិច្ចសហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ ក្នុងការជំរុញផ្សព្វផ្សាយពីសារៈសំខាន់នៃការទាញយកប្រយោជន៍ពីបច្ចេកវិទ្យា និងនវានុវត្តន៍ បំរើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ឈរលើមូលដ្ឋាននៃនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងភាពចាំបាច់សម្រាប់កម្ពុជា ក្នុងការធ្វើពិពិធកម្មមូលដ្ឋាននៃកំណើន និងបង្កើនភាពប្រកួតប្រជែង សំដៅធានាចីរភាពនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ឯកឧត្តមប្រធានបានគូសបញ្ជាក់ពីបុព្វហេតុ ចក្ខុវិស័យ និងការចូលរួមរបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ នៅក្នុងការជំរុញការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។










