Detail Top Banner

កិច្ចប្រជុំស្ដីពីការទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនចេញពីតំបន់ត្រីកោណមាស ចូលមកបណ្ដាប្រទេស មហាអនុតំបន់ទន្លេមេគង្គ

ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នាអគារសាលាខេត្តព្រះវិហារ មានរៀបចំកិច្ចប្រជុំ ស្ដីពីការទប់ស្កាត់ ការចរាចរណ៍គ្រឿងញៀនចេញពីតំបន់ត្រីកោណមាស ចូលមកបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោកជាសមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្នាក់ជាតិ និងថ្នាក់ខេត្តជាច្រើនរូបផងដែរ។
មានប្រសាសន៍នៅក្នុងអង្គប្រជុំ លោក ស៊ូ សិរី បានឲ្យដឹងថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីទប់ស្កាត់ការចរាចរណ៍គ្រឿងញៀន ចេញពីតំបន់ត្រីកោណមាសចូលមកបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គ និង​ទប់ស្កាត់ការចរាចរណ៍ សារធាតុគីមីផ្សំពីបណ្ដាប្រទេស មហាអនុតំបន់ទន្លេមេគង្គនិងក្រៅតំបន់ចូលទៅតំបន់ត្រីកោណដែលជាទីតាំងផលិត។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម មាស វិរិទ្ធ បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃការអនុវត្តន៍ កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង៦ កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា និងចិន ក្នុងផែនការប្រតិបត្តិការសុវត្ថិភាពទន្លេមេគង្គ ដើម្បីឆ្លើយតបបញ្ហាគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ត្រីកោណមាស កត់សម្គាល់ឃើញថា បញ្ហាគ្រឿងញៀនមានការវិវត្តន៍ខ្លាំង តាមរយៈការងារស៊ើបអង្កេត និងចែករំលែកព័ត៌មានបច្ចុប្បន្នភាពស្ដីពីស្ថានភាពគ្រឿងញៀន និងលទ្ធផលនៃការអនុវត្តន៍ច្បាប់ បានបង្ហាញការផលិតគ្រឿងញៀននៅក្នុងតំបន់ត្រីកោណមាស កាន់តែសកម្មឡើងទាំងបរិមាណនៃផលិតកម្មកាន់តែច្រើនឡើងៗ បានបង្ហាញហានិភ័យ និងគ្រោះថ្នាក់ដល់បញ្ហាសន្តិសុខក្នុងតំបន់ ពិសេសបណ្ដាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ។
ដោយមើលឃើញបញ្ហាគ្រោះថ្នាក់ខាងលើនេះ ទើបរដ្ឋាភិបាលនៃប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ បានដាក់ចេញនូវសកម្មភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមគ្នាក្នុងតំបន់ សំដៅកាត់បន្ថយ និងបង្រួមទីផ្សារគ្រឿងញៀន បន្ថយទាំងបរិមាណនិងទំហំនៃតំបន់ ត្រីកោណមាស ដើម្បីដាក់សម្ពាធលើក្រុមឧក្រិដ្ឋជនអ្នកផលិតជួញដូរគ្រឿងញៀន និងបណ្ដាញរបស់ពួកគេ នៅក្នុងតំបន់ត្រីកោណមាស តាមរយៈការពង្រឹងប្រសិទ្ធភាព អនុវត្តច្បាប់។
ឯកឧត្តមក៏បានធ្វើការជំរុញ និងផ្ដាំផ្ញើទៅដល់អង្គប្រជុំ ចូលរួមក្នុងបេសកកម្មខាងលើឲ្យទទួលដោយជោគជ័យ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង