ទីក្រុងតូក្យូបញ្ជាក់ថាគ្រាប់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងបានធ្លាក់ចូលទៅក្នុងដែនទឹកជប៉ុន

បរទេស៖ ទូរទស្សន៍ NHK បានរាយការណ៍ថា ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកញ្ញាថា គ្រាប់មីស៊ីលផ្លោងចំនួនពីរគ្រាប់ដែលកូរ៉េខាងជើងបានបាញ់កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា បានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន (EEZ)។ អាជ្ញាធរជប៉ុនបាននិយាយពីពេលមុនថា គ្រាប់មីស៊ីលទាំងនោះបានធ្លាក់នៅខាងក្រៅតំបន់ EEZ ។
ទូរទស្សន៍ NHK បានបង្ហាញថា នេះជាលើកដំបូងហើយចាប់តាំងពីឆ្នាំ២០១៩ មក ដែលគ្រាប់មីស៊ីលបានធ្លាក់នៅក្នុងតំបន់ EEZ របស់ប្រទេសជប៉ុន។
កាលពីព្រឹកថ្ងៃនោះ អគ្គសេនាធិការចម្រុះ (JCS) របស់កូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងចំនួន ២គ្រាប់ឆ្ពោះទៅកាន់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ បន្ទាប់ពីហេតុការណ៍នេះ ទាំងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូបានប្រកាសថា ពួកគេនឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់ពួកគេជាបន្ទាន់។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍កាលពីថ្ងៃទី១៣ ខែកញ្ញាថា ទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់សាកល្បងដោយជោគជ័យនូវគ្រាប់មីស៊ីលផ្លោង។ ក្រុមអ្នកជំនាញកូរ៉េខាងជើងបានរាយការណ៍ថា ពួកគេបានធ្វើតេស្តសាកល្បងទៅលើម៉ាស៊ីនមីស៊ីលនៅលើដី បានធ្វើការសាកល្បងការហោះហើរ ការសាកល្បងការត្រួតពិនិត្យ និងការណែនាំ និងកិច្ចការមួយចំនួនទៀត។ គ្រាប់មីស៊ីលទាំងនោះត្រូវបានគេរាយការណ៍ថា អាចបាញ់ចំគោលដៅនៅចម្ងាយ ១ ៥០០គីឡូម៉ែត្រ៕ by AKP
អត្ថបទដែលជាប់ទាក់ទង