ប្រទេសកូរ៉េខាងត្បូងក្លាយជាប្រទេសទី៧ ដែលបានបាញ់គ្រាប់មីស៊ីលផ្លោងពីនាវាមុជទឹករបស់ខ្លួន

ភ្នំពេញ​៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានបាញ់សាកល្បងដោយជោគជ័យនូវគ្រាប់មីស៊ីលផ្លោងដែលបានបាញ់ចេញពីនាវាមុជទឹកកាលពីថ្ងៃទី១៥ ខែកញ្ញា។ បច្ចុប្បន្នប្រទេសនេះ ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសទី៧ នៅលើពិភពលោកដែលមានបច្ចេកវិទ្យាមួយនេះ។
មន្រ្តីកូរ៉េខាងត្បូងបានកត់សម្គាល់ថា គ្រាប់មីស៊ីលនេះត្រូវបានគេរាយការណ៍ថាត្រូវបានបាញ់ចេញពីក្រោមទឹក ពីនាវាមុជទឹក Ahn Chang-ho ។ ការិយាល័យ Blue House បាននិយាយបន្ថែមថា គ្រាប់មីស៊ីលនេះបានបាញ់ចំគោលដៅរបស់ខ្លួនដោយជោគជ័យ។ លោកប្រធានាធិបតី មូន បានសង្កេតមើលចំពោះការបាញ់សាកល្បងនេះផងដែរ។
កាលពីព្រឹកថ្ងៃនោះ អគ្គសេនាធិការចម្រុះ (JCS) របស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងចំនួន ២គ្រាប់ឆ្ពោះទៅកាន់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ បន្ទាប់ពីហេតុការណ៍នេះ ទាំងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូបានប្រកាសថា ពួកគេនឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់ពួកគេជាបន្ទាន់។
កាលពីក្នុងខែឧសភា សហរដ្ឋអាមេរិកបានដកការរឹតត្បិតដែលមានអាយុកាល ៤២ឆ្នាំរបស់ខ្លួនទៅលើកម្មវិធីអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងត្បូង ដោយអនុញ្ញាតឱ្យទីក្រុងសេអ៊ូលអភិវឌ្ឍគ្រាប់មីស៊ីលផ្លោងដែលអាចបាញ់ដល់គោលដៅឆ្ងាយហួសពីឧបទ្វីបកូរ៉េ។
នៅក្នុងឆ្នាំ២០១៧ លោកប្រធានាធិបតី មូន និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាដកការកម្រិតទៅលើគ្រាប់មីស៊ីលផ្លោងរបស់កូរ៉េខាងត្បូងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលទ្វេភាគី៕ by AKP
អត្ថបទដែលជាប់ទាក់ទង