អ្នកការទូតកំពូលៗរបស់កូរ៉េខាងត្បូង និងអង់គ្លេស ពិភាក្សាគ្នាអំពីការប្រែប្រួលអាកាសធាតុ និងបញ្ហារបស់ប្រទេសអាហ្វហ្គានីស្ថាន

ភ្នំពេញ៖ ក្រសួងការបរទេសរបស់កូរ៉េខាងត្បូងបាននិយាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong បាននិយាយតាមទូរស័ព្ទជាមួយសមភាគីអង់គ្លេស លោក Dominic Raab កាលពីថ្ងៃពុធ និងបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ស្តីពីការប្រែប្រួលអាកាសធាតុ និងបញ្ហាអន្តរជាតិដទៃទៀតដែលរួមទាំងបញ្ហារបស់ប្រទេសអាហ្វហ្គានីស្ថានផងដែរ។
នៅក្នុងកិច្ចពិភាក្សានោះ រដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ដែលប្រទេសទាំងពីរបានពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងបញ្ហាពិភពលោកសំខាន់ៗ ដូចជាការប្រែប្រួលអាកាសធាតុ និងសន្តិសុខសុខភាព ហើយបានឯកភាព​គ្នាខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរកម្រិតខ្ពស់ដទៃទៀត ។
អ្នកទាំងពីរបានពិភាក្សាគ្នាអំពីសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP26) ដែលជាសន្និសីទពហុភាគីស្តីពីការប្រែប្រួលអាកាសធាតុ ដែលប្រទេសអង់គ្លេសគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ។
លោក Chung បានប្រាប់ទៅកាន់លោក Raab ថា ប្រទេសកូរ៉េនឹងសហការយ៉ាងសកម្មដើម្បីពង្រឹងសកម្មភាពស្តីពីអាកាសធាតុរបស់ប្រទេសនីមួយៗ និងជួយបង្រួបបង្រួមឆន្ទៈសហគមន៍អន្តរជាតិសម្រាប់ការឆ្លើយតបរួមគ្នាចំពោះការប្រែប្រួលអាកាសធាតុ។
ក្រសួងនេះបាននិយាយបន្ថែមថា ពួកគេក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ និងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ៕
អត្ថបទដែលជាប់ទាក់ទង