អ្នកវិទ្យាសាស្រ្តអ៊ីស្រាអែលអះអាងថា មានថ្នាំកម្ចាត់កូវីដដ៏ខ្លាំងត្រឹម២-៣ថ្ងៃជាដាច់
សុខភាព៖ ក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអ៊ីស្រាអែលបាននិយាយថា ថ្នាំដែលគេធ្លាប់ប្រើដើម្បីទប់ទល់មេរោគអេដស៍កន្លងមក មានឥទ្ធិពលខ្លាំងក្នុងការប្រឆាំងវីរុសកូវីដ១៩ ដែលអាចកម្ចាត់មេរោគនេះបាន និងធ្វើឱ្យអ្នកជំងឺជាសះស្បើយត្រលប់ទៅផ្ទះត្រឹមរយៈពេលត្រឹម ២ឬ ៣ថ្ងៃប៉ុណ្ណោះ។
យោងតាមការចុះផ្សាយរបស់ jpost.com បានឱ្យដឹងថា ក្រុមហ៊ុន Code Pharma ដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសហូឡង់ ហើយមានការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍នៅអ៊ីស្រាអែល នាពេលថ្មីៗនេះ បានបញ្ចប់ការតេស្តសាកល្បងដំណាក់កាលទី១ នៃថ្នាំ Codivir របស់ខ្លួនសម្រាប់ប្រើប្រាស់ប្រឆាំងនឹងវីរុសកូវីដ១៩នេះ។ កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមស្រាវជ្រាវជនជាតិអ៊ីស្រាអែលនេះ ក៏បានគាំទ្រដល់ការតេស្តសាកល្បងដំណាក់កាលទី២ បានដាក់ពាក្យសុំការអនុញ្ញាតពីគណៈកម្មាធិការ Helsinki ដើម្បីបន្តដំណើរការនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Barzilai។
ការសិក្សាដំណាក់កាលទី ២ ដែលនឹងមានការចូលរួមពីអ្នកជំងឺប្រមាណ ១៥០ នាក់ ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែក្រោយនេះ ក៏នឹងត្រូវធ្វើឡើងនៅប្រទេសអេស្ប៉ាញ ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូងផងដែរ។ យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Code Pharma លោក Zyon Ayni បានឲ្យដឹងថា គោលដៅគឺត្រូវបញ្ចប់ការសាកល្បងក្នុងរយៈពេលប្រហែល ៣ ទៅ ៦ ខែ ហើយបន្ទាប់មកដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំនេះជាបន្ទាន់។
ស្របពេលជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ Shlomo Maayan នាយកផ្នែកជំងឺឆ្លងនៅ Barzilai បាននិយាយថា “ថ្នាំ Codivir មានទម្រង់សុវត្ថិភាពល្អនិងមានប្រសិទ្ធិភាពប្រឆាំងមេរោគគួរឲ្យចាប់អារម្មណ៍ ទាំងនៅក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍និងការសាកល្បងព្យាបាលដំណាក់កាលទី១លើមនុស្ស។ យើងទន្ទឹងរង់ចាំលទ្ធផលនៃការសិក្សាដំណាក់កាលទី២ ដោយប្រើថ្នាំ Codivir។ វាអាចជារបកគំហើញមួយក្នុងវិស័យព្យាបាលមេរោគ ចំពោះអ្នកជំងឺកូវីដ-១៩ ដំណាក់កាលដំបូង”។
យ៉ាងណាមិញ អ៊ីស្រាអែលនៅតែអះអាងថា ថ្នាំរបស់ខ្លួនមួយនេះអាចព្យាបាលជំងឺកូវីដ១៩ជាសះស្បើយត្រឹមរយៈពេលខ្លី ដែលនឹងជួយឱ្យប្រទេសពួកគេគ្រប់គ្រងការរាតត្បាតនៃវីរុសកូវីដ១៩បានយ៉ាងល្អ៕ ប្រភពៈ Healthy Cambodia