មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ជ្រើសរើសយកសួនបន្លែកសិករគំរូរ នៅភូមិការតូត សម្រាប់ជនជាតិព្រៅ សិក្សាពីបច្ចេកទេសដាំដុះ

ស្ទឹងត្រែង៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានកំណត់យកសួនបន្លែ របស់កសិករឈ្មោះ កែវ ជឿន នៅភូមិការតូត ធ្វើជាកន្លែងផ្តល់បច្ចេកទេស សម្រាប់បងប្អូនជនជាតិព្រៅ ស្វែងយល់ពីការដាំដុះ បន្លែបង្ការជាលក្ខណៈគ្រួសារ ។

ក្នុងឱកាសចុះពិនិត្យសួនបន្លែនៅភូមិការតូតកាលពីថ្មីៗនេះ លោកទំ.នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមានប្រសាសន៍ថា៖ សួនបន្លែនេះបងប្អូនជន ជាតិព្រៅ អាចមកសិក្សាពីរបៀបដាំដុះ- បណ្តុះពូជ -និងកាត់ តដើមបន្លែផ្សេងពីគ្នា-ដូចជា (ប៉េងប៉ោះជាមួយត្រប់) សម្រាប់ឈានទៅផ្លាស់ប្តូរទម្លាប់ចាស់ ងាកទៅដាំដុះបន្លែតាមបច្ចេកទេសវិញ។

លោកប្រធានមន្ទីរបន្ថែមថា៖ ការធ្វើបែបនេះចង់ឱ្យបងប្អូនកសិករយើង ទៅហាត់រៀនជាក់ស្តែងពីកសិករគំរូនៅក្នុងភូមិដោយមិនបាច់ទៅឆ្ងាយ ដើម្បីលើកទឹក ចិត្តឱ្យបងប្អូនជនជាតិនៅភូមិការតូតនេះនាំគ្នា បង្កើតសួនបន្លែជាលក្ខណ:គ្រួសារ។

លោក ខាវ វិន មេភូមិការតូត បានអះអាងថា៖ លោកនឹងជួយផ្សព្វផ្សាយទៅប្រជាពលរដ្ឋនៅភូមិនេះបន្ថែម ព្រោះកន្លងមកពួកគាត់ ធ្លាប់បានទទួលការបណ្តុះបណ្តាលពីអង្គការដៃគូជាច្រើនលើកច្រើនសារួចមកហើយដែរ ។

លោកបន្តថា៖ បច្ចុប្បន្នមានបងប្អូនយើង ប្រមាណ ២០%តែប៉ុណ្ណោះ បានព្យាយាមដាំបន្លែបានបរិភោគ និងនៅសេសសល់បាននាំចេញទៅលក់នៅទីផ្សារផង។

លោកកែវ ជឿន កសិករដាំដំណាំបន្លែនៅភូមិការតូតបានអះអាងថា៖ ក្នុងនាមជាកសិករគំរូ លោកចែករំលែកបទពិសោធន៏បាននូវអ្វីដែលធ្វើកើត និងទទួលបានលទ្ធផលល្អនោះ ឱ្យតែបងប្អូនមកសិក្សានិងចង់ចេះចង់ដឺង ។

លោកថា៖ នេះជាកត្តាចម្បងក្នុងការដោះស្រាយជីវភាពរស់នៅ ដែលយើងអាចកាត់បន្ថយបានពីការដើរស៊ីឈ្នួលលក់កម្លាំងពលកម្មនិងពឹងផ្អែកលើផលអនុផលព្រៃឈើជាដើម។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នកសិករយើងបានផ្លាស់ប្តូរទម្លាប់ការដាំដុះបានច្រើនគ្នា គ្រាន់តែកសិករមួយចំនួននៅមិនទាន់មានលទ្ធភាពគ្រប់ គ្រាន់ក្នុងការអនុវត្តទៅតាមបច្ចេកទេសថ្មីនៅឡើយ ។ តែទោះជាយ៉ាងណាកសិករនៅខេត្តស្ទឹងត្រែង ដាំដុះបន្លែបានច្រើនមុខដូចជា ម្រះ-សណ្តែកគួ-ននោង-ពោត- ល្ហុង-ត្រឡាច-ត្រប់-ត្រសក់-ប៉េងប៉ោះ ម្ទេស-ស្ពៃគ្រប់ប្រភេទ -និង ត្រកួន-ជាដើម៕