ប្រជាជនកម្ពុជា មិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ ដែលបង្កឡើងដោយប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តទាំងឣស់នោះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា មិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ ដែលបង្កឡើងដោយប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តអស់ទាំងនោះ ខណៈដែលបច្ចុប្បន្ន ប្រទេសមហាអំណាចខ្លះនិងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង កម្ពុជា តាមរយៈការអនុវត្តន៍ស្តង់ដារពីរអំពីការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ យោងតាមសារលិខិតក្នុងឱកាស​ទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​ថា បន្ថែមលើវិបត្តិនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការវិវត្តន៍ដ៏ស្មុគស្មាញមិនអាចប្រមាណ ទុកជាមុននៃស្ថានការណ៍ពិភពលោក បង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាច ដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពល ទាំងនយោបាយ យោធា និងសេដ្ឋកិច្ចរបស់ខ្លួន បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ សម្តេចតេជោបញ្ជាក់ថា កម្ពុជាយើង មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយ រវាងមហាអំណាចអស់ទាំង នោះបានទេ។ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តន៍ស្តង់ដារពីរអំពីការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ តាមរយៈនេះហើយដែលសម្តេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ ដែលបង្ក ឡើងដោយសង្គ្រាមដែលប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តអស់ទាំងនោះ បានដាក់បង្ខំមកលើយើង។យើងក៏មិនបានឱ្យប្រទេសអស់ទាំងនោះសងបំណុលសីលធម៌ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជាទេ តែយើងគ្រាន់តែប្រើប្រាស់ សិទ្ធិអធិបតេយ្យរបស់ខ្លួន ជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា ការពារ សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍន៍ប្រទេសជាតិតែប៉ុណ្ណោះ។ នៅក្នុងទិសដៅនេះ កម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងការគោរពគ្នានិងមានផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក។ សម្តេចតេជោបានប្រកាសជាឱឡារិក ពីការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុងការការពារ ទោះក្នុងតម្លៃណាក៏ដោយ នូវសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានដោយលំបាក ដើម្បីកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង