មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាមន្ទីរសុខាភិបាល បុគ្គលិកស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្តជាង១៥០០នាក់ទទួលបានអំណោយពីសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រគល់ជូនដល់ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ។

ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅមន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ដែលត្រូវទទួលបានអំណោយនេះមានចំនួនសរុប ១៥៤៨រូប ដោយក្នុង១រូបៗ ទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម មីចំនួន ១កេសតូច និង ត្រីខ ចំនួន ១យួរ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានធ្វើការណែនាំដល់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវជំរុញអោយ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅទូទាំងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញការងារអោយបានល្អ បន្ថែមទៀត ដើម្បីសុខមាលភាពប្រជាពលរដ្ឋរបស់យើង៕ អរគុណសន្តិភាព



