ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ខណៈកម្ពុជាទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ
ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសស្តីពីឣាកាសធាតុ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជាទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ អូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីបក់លើក្នុងល្បឿនមធ្យមទៅបង្គួរ បន្ទាប់មក សម្ពាធទាបស្ថិតនៅចុងប្រព័ន្ធ ITCZ ស្ថិតខាងកើតហ្វីលីពីន អាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬ វិសម្ពាធនៅលើសមុទ្រចិនខាងត្បូង ។ តាមការព្យាករគន្លងរបស់សម្ពាធទាបសកម្ម ឬ វិសម្ពាធទាបនេះ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម ស្ថិតនៅចន្លោះ គីញើន និងដាណាង នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន នៅតាមបណ្តាខេត្តតំបន់វាលទំនាបកណ្តាល ដែលនឹងបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រមួយចំនួន រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ។ ដោយឡែក នៅតំបន់បណ្តាខេត្តជួរភ្នំដងរែក និងខ្ពង់រាបឦសាន ភ្លៀងក៏មានធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង អាចបង្កជាជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តជាប់ជួរភ្នំដងរែក ភាគឦសានជាប់ប្រទេសវៀតណាម ព្រះវិហារ និងខេត្តឧត្តរមានជ័យ ខណៈតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន អាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រ មួយចំនួននៃខេត្តកោះកុង និងខេត្តព្រះសីហនុ ហើយនៅលើផ្ទៃសមុទ្រនឹងមានភ្លៀង ខ្យល់ និងរលកសមុទ្រមធ្យម ។ ស្ថានភាពបែបនេះ ក្រសួងធនធានទឹក និងឧតុនយម សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុផងដែរ ៕
ខាងក្រោមនេះជាព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក គិតចាប់ពីថ្ងៃទី២១ រហូតសល់ថ្ងៃទី២៤ ខែកញ្ញា ២០២១ ៖