ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមកាន់បិណ្ឌទី១ នៅវត្តសារាវ័ន្តតេជោ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី១ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តសារាវ័ន្តតេជោ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងពិធីកាន់បិណ្ឌវេនទី១នេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសារាវ័ន្តតេជោ ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុងមួយអង្គៗ ស្លាដក១ និងបច្ច័យមួយចំនួន និងសំរាប់វត្ត មានភេសជ្ជៈនិងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត និងបានជូនថវិកាលោកយាយជីតាជីផងដែរ។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ បានបង្សុកូលនិង បានរាប់បាត ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាតកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងសូមអោយមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ជាប្រចាំ ដើម្បីឈានទៅកាត់ផ្តាច់ឲ្យបាននូវឬសគល់ នៃជំងឺ កូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលចូលទៅក្នុងសហគមន៍យើង។

គួរបញ្ជាក់ផងដែរថា ភ្ជុំបិណ្ឌគឺជាពិធីបុណ្យ ដែលប្រជាជនខ្មែរចាត់ទុកថាធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់១៥រោចខែភទ្របទ។ ពីថ្ងៃ០១រោច ដល់១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថាថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ជាថ្ងៃជួបជុំគ្នាចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ៕


