ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី០១ នៅវត្តជ័យគិរី ហៅ(វត្តហាន់ជ័យ) ស្ថិតនៅក្នុងភូមិ ហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ ក្នុងខេត្តកំពង់ចាម បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី០១ នៅវត្តជ័យគិរី ហៅ(វត្តហាន់ជ័យ) ស្ថិតនៅក្នុងភូមិ ហាន់ជ័យ ឃុំហាន់ជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ដើម្បីធ្វើការឧទ្ទិស បួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅឱ្យមាតា បិតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋាន និងអ្នកស្លាប់ ដោយសារ ជំម្ងឺកូវីដ-១៩ ឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យ ទៅកើតក្នុងសុគតិភព។
ក្នុងពិធីនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ នៅពេលមកកាន់បិណ្ឌតាមវត្តអារាមនីមួយៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច នូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និង វិធាន «៣កុំ និង ៣ការពារ» ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ មិនត្រូវមានការធ្វេសប្រហែសឡើយ ហើយពេលធ្វើដំណើរទៅកន្លែងវត្តអារាមណាមួយត្រូវចូលរួមនាំគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅ វិញទៅមកក្នុងការធ្វើដំណើរ ដើម្បីសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា។
ក្នុងឱកាសកាន់បិណ្ឌវេនទី១នេះផងដែរ និង ឯកឧត្តម អភិបាលខេត្ត និងសមាជិកក្រុម ប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្ត បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃក្នុងវត្តជ័យគិរី ហៅ (វត្ត ហាន់ជ័យ) រួមមាន៖ អង្ករចំនួន២០០គីឡូក្រាម, មីចចំនួន០៥កេស, ទឹកបរិសុទ្ធ ០៥កេស, ទឹកក្រូច ៥កេស, និងទឹកដោះគោខាប់ ១កេស, តែ ចំនួន ៥កញ្ចប់, ស្ករស ចំនួន ៥គីឡូ, ចង្ហាន់ ចំនួន ៧ស្រាក់ ផ្លែឈើ ចំនួន ០៧កន្ត្រក់ និងបច្ច័យចំនួន ៣,៣០០,០០០រៀល។
ឯកឧត្តមអភិបាលខេត្ត បានយកពេលវេលានោះ ធ្វើការបួងសួងឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅឱ្យមាតាបិតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋាន និងអ្នកស្លាប់ ដោយសារ ជំម្ងឺកូវី-១៩ ឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យ ទៅកើតក្នុងសុគតិភព ដែលប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ នឹងទទួលយកកុសលផលបុណ្យដែលកូន ចៅបានឧទ្ទិស ទៅឱ្យនោះ។
ឯកឧត្តម បានបន្ថែមថា ក្នុងពេលវេលានៃការដាក់បិណ្ឌវេនទី០១ របស់ប្រពៃណីខ្មែរ ក្នុងវត្តជ័យគិរី សុំធ្វើការបួងសួង ដល់វត្ថុស័កសិទ្ធ ដែលមានក្នុងលោក ជួយតាមរក្សា ប្អូនប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ឲ្យរួចចាកផុតពីការឆ្លងជំងឺកូវីដ-១៩ ក៏កាចសាហាវ និង សូមឲ្យមេរោគដ៏ចង្រៃមួយនេះ ឆាប់រលាយចាកចេញឆ្ងាយពីផែនដី របស់យើង ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បន្តការប្រកបរបបរកស៊ី មានបាន ដូចធម្មតាវិវិ៕