សម្តេចតេជោ កោតសរសើរផ្នែកឯកជននិងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ចំពោះការរៀបចំនិងអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា កោតសរសើរផ្នែក ឯកជននិងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ចំពោះការរៀបចំនិងអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេស ចរណ៍កម្ពុជា ក្នុងការលើក កម្ពស់សេដ្ឋកិច្ច ។
តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាមួយបងប្អូនជនរួមជាតិ ក៏ដូចជាប្រជាជាតិទាំងឡាយនៅលើពិភពលោក ដើម្បីអបអរសាទរទិវាទេសចរ ណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន (Tourism for Inclusive Growth) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
សម្តេចតេជោបន្តថា ជាការពិតណាស់ វិស័យទេសចរណ៍ ដែលជាវិស័យពឹងផ្អែកលើការធ្វើដំណើរ បាននិងកំពុងទទួលរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ លើគ្រប់ផ្នែកទាំងអស់នៃខ្សែសង្វាក់ផ្គត់ផ្គង់។ ក្នុងកម្រិតពិភពលោក ឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះរហូតដល់៧៣% ដែលធ្វើឱ្យប៉ះពាល់ការងារផ្ទាល់ពី១០០ ទៅ១២០លាន និងការងារមិនផ្ទាល់ជាច្រើនរយលាននាក់ថែមទៀត។ ដោយឡែកនៅកម្ពុជា ចំនួនទេសចរអន្តរជាតិបានថយចុះរហូតដល់៨០,២% ប៉ះពាល់ការងារផ្ទាល់ជាង១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះនឹងបន្តធ្លាក់ចុះតទៅទៀតក្នុងឆ្នាំ២០២១នេះ។
សម្តេចតេជោបន្តទៀតថា ជាការចូលរួមដោះស្រាយ រាជបរដ្ឋាភិបាលបាននិងកំពុងដាក់ចុះអនុវត្តកម្មវិធី ជួយសង្គ្រោះ និងកម្មវិធីសាច់ប្រាក់ ជួយអាជីវកម្ម និងបុគ្គលិកក្នុងវិស័យទេសចរណ៍ ក៏ដូចជាក្នុងវិស័យផ្សេងៗទៀតរួមទាំងប្រជាពលរដ្ឋក្រីក្រទូទៅដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ ហើយដែលវិធានការអន្តរាគមន៍នេះទទួលបានប្រសិទ្ធភាពខ្ពស់ និងបានចូលរួមទ្រទ្រង់លំនឹងម៉ាក្រូសេដ្ឋកិច្ចរហូតដល់ពេលបច្ចុប្បន្ន។ ក្នុងបរិការណ៍បច្ចុប្បន្ន ខណៈដែលមេរោគកូវីដ-១៩បំប្លែងថ្មីកំពុងបន្តរីករាលដាលក្នុងពិភព លោកនិងមានភាពមិនច្បាស់លាស់នៅថ្ងៃអនាគត រាជរដ្ឋាភិបាលបានកំណត់ជាមុំយុទ្ធសាស្រ្តគន្លឹះយ៉ាងម៉ឺងម៉ាត់ដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿនតាមគោលដៅកំណត់ បន្តជំរុញអនុវត្តវិធាន ការរដ្ឋបាលនិងសុខាភិបាល ជាពិសេសវិធាន ការ “៣កុំ ៣ការពារ” ដើម្បីជាមូល​ដ្ឋាន​នៃការបើកសកម្មភាពសេដ្ឋ កិច្ចនិងសង្គមពេញលេញឡើងវិញ ជាជំហានៗ ក្នុងគន្លងប្រក្រតីភាពថ្មី និងការ ទទួលខុសត្រូវខ្ពស់។
សម្តេចតេជោ សូមកោតសរសើរដល់ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ដែលបាន​សហការជាមួយក្រសួងទេសចរណ៍រៀបចំ និងអនុវត្តវិធានសុវត្ថិភាពនិងអនាម័យសម្រាប់អាជីវកម្មទេស​ចរណ៍និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់មូល ដ្ឋានអាជីវកម្មនិងគោលដៅទេសចរណ៍ សំដៅចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ បន្ថែមពីនោះទៀត សូមកោតសរសើរផងដែរចំពោះការរៀបចំនិងអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប និងផែន​ការមេអភិវឌ្ឍន៍ទេស ចរណ៍ខេត្តមណ្ឌលគិរី ដែលជាការគិតគូរមួយទាន់ពេលវេលានិងមានលក្ខណៈបុរេសកម្ម ដើម្បីជាត្រីវិស័យក្នុងការស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។
សម្តេចតេជោ បញ្ជាក់ថា ឆ្លងកាត់វិបត្តិកូវីដ-១៩នេះ យើងមើលឃើញកាន់តែច្បាស់អំពីតួនាទីនៃវិស័យទេសចរណ៍ក្នុងការទ្រទ្រង់ភាពរីកចម្រើនប្រកបដោយបរិយាបន្ន តាមរយៈការបង្កើតចំណូលនិងការងារជូនប្រជា ពលរដ្ឋនៅមូលដ្ឋានចូលរួមការពារនិងអភិរក្សសម្បត្តិវប្បធម៌និងធម្មជាតិ ព្រមទាំងចូលរួមបង្កើតការងារ និងចំណូលក្នុងវិស័យពាក់ព័ន្ធផ្សេងៗទៀត។ ដោយផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ដ៏វែងនិងលក្ខណៈជាអន្តរវិស័យ វិស័យទេសចរណ៍នឹងក្លាយជាសសរស្តម្ភមួយកាន់តែសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងមានសមត្ថភាពកាន់ តែខ្លាំងក្នុងការចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ ៕
អត្ថបទដែលជាប់ទាក់ទង