ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញានេះ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋ ២៤៩គ្រួសារ ក្នុងនោះមានវិជ្ជមានកូវីដ- ១៩ ចំនួន ១៧២នាក់ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ នៅភូមិព្រាលនិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រុមការងារក្រឡាហោមមនុស្សធម៌ដែលបានរួមដំណើរជាមួយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនោះ រួមមាន ឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្រ្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា វណ្ណៈ ប្រធានសាលាដំបូងខេត្ត ឯកឧត្តម សំអុល ធារិទ្ធ ប្រធានពន្ធនាគារខេត្ត និងឯកឧត្តម ព្រួញ រិទ្ធថា ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត ។

អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលក្រុមការងារក្រឡាហោមមនុស្សធម៌ បានផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ហើយដែលមួយចំនួនក៏មានសមាជិកវិជ្ជមានកូវីដ- ១៩ ផងនោះ រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ម៉ាស់ និងអាល់កុល ។

ឯកឧត្តម ខាន់ ម៉ាណេរ ក៏បានជម្រាបជូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចក្រឡាហោម និងលោកជំទាវ ជូនចំពោះប្រជាពលរដ្ឋ ក្នុងនោះសម្ដេចក៏បានជម្រាបជូនដែរថា អំណោយដែលបានផ្ដល់ជូននេះគឺជាការគិតគូរពីសុខទុក្ខបងប្អូនបន្ថែមលើអំណោយធំៗដែលរាជរដ្ឋាភិបាលបាន និងកំពុងផ្ដល់ជូនបងប្អូនចំនួន៣ជាពិសេស ។

អំណោយធំៗទាំង៣ ដែលសម្ដេចក្រឡាហោម បានផ្ដាំផ្ញើឱ្យជម្រាបជូនបងប្អូនប្រជាពលរដ្ឋនោះរួមមាន ១.គឺជីវិត សំដៅដល់ការរំដោះប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រល័យពូជសាសន៍, ទី២ គឺសន្តិភាព សំដៅលើការនាំមកនូវសន្តិភាពជូនជាតិ និងប្រជាជនទាំងស្រុងក្រោមនយោបាយឈ្នះៗ និងអំណោយធំទី៣ គឺការអភិវឌ្ឍលើគ្រប់វិស័យ ។

ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តម ខាន់ ម៉ាណេរ រួមទាំងក្រុមការងារក្រឡាហោមមនុស្សធម៌ ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមរួមគ្នាការពារសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩ តាមរយៈការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺនេះ ជាពិសេសការអនុវត្តវិធានការ៣កុំ ៣ការពារឱ្យបានជាប្រចាំ ៕ អរគុណសន្តិភាព


