អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញដាំដើមឈើប្រណិត បង្កើនធម្មជាតិបៃតង
ខេត្តប៉ៃលិន៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចូលរួមដាំដើមឈើប្រណិតចំនួន ៤០០០ដើម នៅទីបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត ស្ថិតនៅចំណុចភ្នំជ្រូក ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានឱ្យដឹងថា ៖ ការដាំកូនឈើថ្ងៃនេះ ក្នុងគោលបំណង បង្កើនឲ្យមានសោភ័ណភាពបរិស្ថាន សំដៅជំរុញការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យយល់ដឹងពីសារះសំខាន់ និងផលប្រយោជន៍ក្នុងការដាំដើមឈើ ។ ទន្ទឹមនឹងនេះដើមឈើមានសារៈសំខាន់ណាស់ចំពោះជីវិត មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ ប្រភេទ ។ វាផ្តល់សារៈប្រយោជន៏យ៉ាងច្រើនដូចជាផ្តល់មកនូវ ម្លប់ ផ្លែផ្កា អុស សំរាប់ដុតជាឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវ ទឹកភ្លៀង សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក ។
ពេលវេលានេះពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីបង្កើនធនធានធម្មជាតិឡើងវិញ ការពារធនធានធម្មជាតិចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាស ធាតុ ជាពិសេសនោះ គឺទុកជាសម្បិត្តជាតិ និងជាសម្បិត្តិសកល និងដើម្បីកែប្រែសោភ័ណ្ឌភាពសហគមន៍ ដើម្បីលើកស្ទួយមុខមាត់ខេត្តរបស់យើងផងដែរ។ លោកឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត បានលើកឡើងថា នេះជាវប្បធម៌ដ៏ឧត្តមដែលប្រជាជាតិកម្ពុជា បានចូលរួមយ៉ាងសកម្ម និងធ្វើអោយសកម្មភាពនេះ មានជារៀងរហូតនៅក្នុងសង្គមជាតិយើងដែលធ្វើអោយតំបន់ដីព្រៃ រិចរិលដាំដុះដីព្រៃឈើឡើងវិញ និងចូលរួមការពារព្រៃឈើឲ្យគង់វង្ស កាន់តែប្រសើរឡើង ។
ពីមួយឆ្នាំទៅមួយឆ្នាំយើងសង្កេតឃើញថា ការដាំដើមឈើនេះ មានការចូលរួមពីសំណាក់មហាជនជាច្រើនជាពិសេសយុវជន ដែលជាសសរទ្រូងប្រទេសជាតិនេះ ក្នុងគោលបំណង ថែរក្សាការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលកំពុងតែរងការកាប់បំផ្លាញដែលនាំឲ្យឈានទៅរកការបាត់បង់បន្តិចម្តងៗ ។ហេតុដូចនេះហើយយើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ ពីដើមឈើ នោះគប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ឲ្យបានគ្រប់ៗគ្នាដើម្បីជាប្រយោជន៏ ដល់ខ្លូនយើងផ្ទាល់ជីវិតសត្វព្រៃ គ្រប់ប្រភេទ និងប្រពន្ធជីវៈចម្រុះផងដែរ ។
សូមបញ្ជាក់ផងដែរថាការដាំកូនឈើនាពេលនេះ មានចំនួន៤០០០ដើម ប្រភេទកូនឈើប្រណិតចម្រុះ ដែលទទួលបានការឧបត្ថម្ភពី រដ្ឋបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ស្នងការដ្ឋាននរគបាលខេត្តប៉ៃលិន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង យោធភូមិភាគទី៥ កងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើ ៕ ដោយ ៖ កឹមឈៅ