អភិបាលរាជធានី បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះបាញ់ថ្នាំសម្លាប់មេរោគតាមវត្តទាំង១៥១ ព្រមគ្នាក្រោយការយកសំណាកព្រះសង្ឃ ដូនជី លោកតាអាចារ្យនិងសិស្សគុនរួចមក

ភ្នំពេញ៖ សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នេះគឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងទាហាននៃកងពលតូចលេខ៧០ ឬង៧០ ធ្វើការបាញ់សម្លាប់មេរោគនៅតាមវត្តអារាមនានាទូទាំងរាជធានីភ្នំពេញ ចំនួន ១៥១វត្ត ក្រោយពីអាជ្ញាធរនិងក្រុមគ្រូពេទ្យបានយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានានៅទូទាំងរាជធានីភ្នំពេញរួចរាល់អស់ហើយ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ ជាអភិបាលខណ្ឌពោធិសែនជ័យ បានសហការជាមួយនឹងទាហាននៃកងពលតូចលេខ៧០ ឬង៧០ បានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាវត្តទាំង១៤ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយជាជំហានដំបូង បានចាប់ផ្ដើមបាញ់នៅវត្តពោធិចិនតុង បន្ទាប់មក ក្រុមការងារបានបែងចែកកម្លាំងនៅតាមបណ្ដាវត្តផ្សេងទៀត នៅក្នុងមូលដ្ឋាននៃខណ្ឌនេះ ។ លោក ហែម ដារិទ្ធិ បានមានប្រសាសន៍លើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកន្លងមកនេះ មានតំបន់ក្រហមមួយចំនួន ។

ដោយសារតែមានតំបន់ក្រហមនេះហើយ ទើបធ្វើឲ្យអាជ្ញាធរខណ្ឌរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់ ។ ក្រោមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដូចជាក្រសួងសុខា​ភិបាល​និងសម្ដេចតេជោហ៊ុន សែន យើងបានអនុវត្តវិធានការពារជំងឺកូវីដ-១៩យ៉ាងតឹងរឹងបំផុត ហើយមកដល់ពេលនេះ ឃើញថា នៅខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យើងទប់ស្កាត់បានយ៉ាងល្អប្រសើរ ទាំងការព្យាបាលនៅតាមផ្ទះ និងការបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលផ្សេងៗ។

ពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌវិញនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ យើងបានអនុវត្តល្អយ៉ាងល្អប្រសើរ ដោយប្រជាពលរដ្ឋបានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធររបស់យើង ដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩នៅតាមវត្តអារាម ។

លោកបញ្ជាក់ថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានវត្តចំនួន១៤ មានព្រះសង្ឃជិត ៨០០អង្គ ហើយព្រះសង្ឃទាំងនេះ យើងបានយកសំណាករួចរាល់ ហើយជាលទ្ធផល មានវិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់ ។ លោកបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់នេះ បើយើងមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេ វានឹងធ្វើការចម្លងទៅ ព្រះសង្ឃ តាជី យាយជីនិង ពុទ្ធបរិស័ទច្រើនជាងនេះថែមទៀត។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកវិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់នេះយើងបានបញ្ជូនទៅការព្យាបាលហើយដែរ។ ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេរោគនៅតាមវត្តអារាមនៅព្រឹកថ្ងៃទី២៦កញ្ញានេះយើងបានអនុវត្តយ៉ាងល្អប្រសើរ ក្រោមការសហការយ៉ាងល្អជាមួយកងទ័ពង៧០ ដោយយើងធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាវត្តចំនួន១៤ ។

លោក ហែម ដារិទ្ធិ ក្នុងឱកាសនោះក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមសហការឲ្យបានល្អជាមួយនឹងអាជ្ញាធរ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺ-១៩ ក្នុងនាឱកាសបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្យនេះ ។លោកបញ្ជាក់ថា បុណ្យទានយើងនៅតែធ្វើ ប៉ុន្តែក្នុងពេលនេះយើងផ្អាកសិន ។ បុណ្យទានពេលណាក៏យើងអាចធ្វើបានដែរ បើបងប្អូនមិនបានជួយអ្វីទេសូមកុំបង្កការលំបាកទៅអោយអ្នកដទៃ៕

អត្ថបទដែលជាប់ទាក់ទង