សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលវៀតណាម-ឡាវ មានជំនួបកំពូលមួយ នៅទីក្រុងហាណូយ ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានមានជំនួបកំពូលមួយនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបកំពូលនេះធ្វើឡើងនាទីស្នាក់ការកណ្តាលគណបក្សកុម្មុយនីស្ដវៀតណាម។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ដែលបណ្តាញព័ត៌មានយើង ទទួលបាន។

សេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ បានបញ្ជាក់ឱ្យដឹង ថា «នៅក្នុងជំនួបកំពូលនេះ មេដឹកនាំនៃគណបក្សទាំងបី បានវាយតម្លៃខ្ពស់នូវអត្ថន័យ និងសារសំខាន់នៃជំនួប កំពូលនេះ។ មេដឹកនាំគណបក្សនីមួយៗ បានជូនដំណឹងគ្នាទៅវិញទៅមកអំពីសភាពការណ៍ក្នុងប្រទេសរៀងៗខ្លួន ក្នុងនោះមានការងារគណបក្ស ការងារអភិវឌ្ឍសេដ្ឋកិច្ច សង្គមពិសេសក្នុងទិដ្ឋភាពបង្ការ និងប្រឆាំងជំងឺកូវីដ-១៩»។

មេដឹកនាំនៃគណបក្សទាំងបី ក៏បានពិគ្រោះយោបល់គ្នាអំពីកិច្ចកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលខាងមុខ ហើយបានឯកភាពរួមគ្នាអំពីសារសំខាន់ នៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាព ស្អិតរមួតរវាងបក្សទាំងបីនៃប្រទេសទាំងបីផងដែរ។

នៅក្នុងជំនួបនេះ មេដឹកនាំនៃគណបក្សទាំងបី បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងពង្រឹង និងពង្រីកដោយប្រសិទ្ធភាពនូវបណ្តា យន្តការដែលមានស្រាប់ និងបន្តពិគ្រោះយោបល់សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ពេលខាងមុខ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងបី ក្នុងគោលដៅរក្សាបាននូវសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលជួបសម្តែងការគួរសមចំពោះលោក ង្វៀន ស៊ុនហ៊្វុក ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក ជាម មីញជីង នាយករដ្ឋមន្ត្រីនៃសាធារណៈសង្គមនិយមវៀតណាម ថែមទៀត។
ជាមួយគ្នានោះដែរ លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ក៏បាន ចូលជួបសម្តែងការគួរសមចំពោះ លោក អៀង ស៊ុនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ ។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ៖

by FN