បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បន្តវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

បរទេស៖ ក្រសួងសុខាភិបាលនៃប្រទេសឡាវបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកាលពីថ្ងៃទី២៤ ខែកញ្ញា ប្រទេសនេះបានកត់ត្រានូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៤៣៤នាក់ ដោយក្នុងនោះមាន ៤០៦នាក់ជាករណីឆ្លងក្នុងសហគមន៍។
រដ្ឋធានីវៀងចន្ទន៍នៅតែបន្តមានករណីឆ្លងខ្ពស់ក្នុងសហគមន៍ ដោយមាន ២២៩នាក់ ហើយភាគច្រើនជាការឆ្លងរាលដាលនៅតាមបណ្តារោងចក្រកាត់ដេរ។ រហូតមកដល់ពេលនេះ ករណីជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសឡាវមាន ២១ ០៨០នាក់ ដោយរួមមានអ្នកស្លាប់ចំនួន ១៦នាក់។
ខណៈដែលករណីឆ្លងនៅក្នុងសហគមន៍នៅតែបន្តកើនឡើង ទីភ្នាក់ងារពាក់ព័ន្ធនានាបានបង្កើនចំនួនប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងរដ្ឋធានីវៀងចន្ទន៍ដើម្បីធានាថា បទបញ្ញត្តិនានានៃការបង្ការជំងឺរាតត្បាតត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។ ប្រជាជនទាំងអស់ត្រូវបានជំរុញឱ្យស្នាក់នៅក្នុងផ្ទះ លើកលែងតែការធ្វើដំណើរចេញទៅទិញម្ហូបអាហារ ឱសថ ឬទៅកាន់មន្ទីរពេទ្យ។
លើសពីនេះទៀត ប្រទេសឡាវនឹងអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សដែលត្រូវបានអនុម័តដោយអង្គការសុខភាពពិភពលោក (WHO) នៅក្នុងបញ្ជីនៃការប្រើប្រាស់ជាបន្ទាន់ ក្នុងគោលបំណងកាត់បន្ថយសម្ពាធទៅលើមន្ទីរពិសោធន៍។
ប្រទេសសិង្ហបុរីបានសម្រេចដាក់ចេញនូវវិធានការគម្លាតសង្គមឡើងវិញក្នុងកំឡុងពេល «នៃការពង្រឹងការដាស់តឿន» ដែលចាប់ផ្តើមពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែតុលា។ នេះបើយោងតាមក្រុមការងារអន្តរក្រសួងសម្រាប់ជំងឺកូវីដ-១៩ របស់ប្រទេសសិង្ហបុរី។
ដូច្នោះហើយ អ្នកទទួលទានអាហារពេលល្ងាចជាក្រុមត្រូវបានកំណត់ចំនួនឱ្យមានតែពីរនាក់ប៉ុណ្ណោះ ជំនួស​ឱ្យការកំណត់ចំនួនប្រាំនាក់កាលពីមុន ហើយបណ្តាក្រុមហ៊ុននានាត្រូវបានណែនាំឱ្យធ្វើការពីផ្ទះតាមការកំណត់ដូចពីមុន។
ក្រុមការងារនោះបាននិយាយថា ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត នោះចំនួនករណីឆ្លងប្រចាំថ្ងៃរបស់ប្រទេសសិង្ហបុរីអាចកើនឡើងដល់ ៣ ២០០នាក់នៅសប្តាហ៍ក្រោយ។ ប្រទេសនេះបានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ១ ៥០៤ករណីកាលពីថ្ងៃទី២៣ ខែកញ្ញា ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរហូតមកដល់ពេលនេះ។
ជាមួយគ្នានេះដែរ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ប្រទេសថៃបានយល់ព្រមកាត់បន្ថយ​រយៈពេលធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរណ៍បរទេស និងការបើកដំណើរការឡើងវិញនៅតាមតំបន់មួយចំនួនបន្ទាប់ពីគំរូនៃផែនការ «Sandbox» ត្រូវបានអនុវត្តសាកល្បងនៅកោះរមណីយដ្ឋានភូកេត។
ប្រធាននាយកដ្ឋានត្រួតពិនិត្យជំងឺនៃក្រសួងសុខាភិបាលថៃ លោក Opas Karnkawinpong បាននិយាយថា តម្រូវការនៃការធ្វើចត្តាឡីស័ករយៈពេល ២សប្តាហ៍សម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ត្រូវបានកាត់បន្ថយមកនៅត្រឹមរយៈពេល ៧ថ្ងៃ ឬ ១០ថ្ងៃ ចំពោះតែអ្នកដែលមកតាមយន្តហោះប៉ុណ្ណោះ។ អ្នកដែលមកដល់ប្រទេសថៃតាមផ្លូវគោក ឬមិនបានទទួលការចាក់វ៉ាក់សាំងការពារពេញលេញ នឹងនៅតែត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងត្រូវធ្វើតេស្ត RT-PCR ចំនួនពីរលើក៕ by AKP
អត្ថបទដែលជាប់ទាក់ទង