រដ្ឋបាលខេត្តកំពង់ឆ្នាំង ដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល ១០ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដាក់ចេញដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល ១០(ដប់)ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
វិធានការដែលបានដាក់ចេញត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពមួយចំនួនដូចខាងក្រោម៖
-ការរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ នៅតាមបណ្តាវត្តអារាមនានា។
-សកម្មភាពមុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ខារ៉ាអូខេ ឌីស្កូរតែក និងបៀហ្គាឌីន រមណីយដ្ឋាន ធម្មជាតិ សួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ បណ្ណាល័យ ការប្រគុំតន្ត្រី ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
-សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
-រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០(ដប់) នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
-រាល់ការជួបជុំ ឬប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ។
-រាល់ការជួបជុំក្រាលកន្ទេលអង្គុយហូបអាហារតាមសួនច្បារ ម្លប់ឈើ និងតាមទីកម្សាន្តនានា ដែលមិនបានរក្សា គម្លាតសុវត្ថិភាព។
-សកម្មភាពអាជីវកម្មពេលរាត្រី រួមមានតូបលក់ចល័ត ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាម ទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវហាមឃាត់ចាប់ពីម៉ោង ២១:០០ (ម្ភៃមួយ និងសូន្យ)នាទី ដល់ម៉ោង ០៣:០០(បី និងសូន្យ)នាទី ជាកំហិត។
-សកម្មភាពប្រមូលផ្តុំមនុស្ស ក្នុងការថ្វាយបង្គំតាមបែបសាសនា។
តម្រូវបានលើកលែងរាល់សកម្មភាពមួយចំនួនដូចខាងក្រោម៖
-ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា ឬទីសំណាក់ជាមួយគ្នា, ការរៀបចំ ពិធីបុណ្យសព ដោយត្រូវកម្រិតមិនឱ្យមានការជួបជុំមនុស្សក្នុងទ្រង់ទ្រាយធំ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន។
-រាល់ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្ដុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្ត វិធានការសុខាភិបាល ជាអាទិ៍ការយកវត្ថុសំណាកមកវិភាគមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, ការជួបជុំបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ក្នុងការបំពេញបេសកកម្មថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវីធីរបស់មន្ត្រី នគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី និងការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍ សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
-ការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន ជាអាទិ៍ការធ្វើដំណើររបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ ទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ សេវាសង្គ្រោះបន្ទាន់ សេវា សុខាភិបាលទាំងរដ្ឋ និងឯកជន ឱសថស្ថាន សេវាពន្លត់អគ្គីភ័យ សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ស្ថានីយ៍ប្រេង-ហ្គាស សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍ ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងសេវាសាធារណៈចាំបាច់ របស់សា្ថប័ន មានសមត្ថកិច្ច។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីធានាឱ្យបាននូវការគោរព និងអនុវត្តនូវវិធាន ការសុខាភិបាល សំដៅប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការអនុវត្តនូវកាតព្វកិច្ច ពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ព្រមទាំងការប្រកាន់ខ្ជាប់នូវវិធានការ “៣ការពារ និង៣កុំ” នៅតាមទីសាធារណៈ៕
អត្ថបទដែលជាប់ទាក់ទង