ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកទិវាអន្ដរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលគឺជាសិទ្ធិមួយដែលមិនអាចខ្វះបានក្នុងសង្គមប្រជាធិបតេយ្យ
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអបអរសាទរចំពោះទិវាអន្ដរជាតិ សម្រាប់សិទ្ធិទទួលព័ត៌មានជាសកលក្នុងឆ្នាំ២០២១នេះ ហើយចំពោះរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា សិទ្ធិទទួលព័ត៌មានជាសកលនេះគឺជាសិទ្ធិមួយដែលមិនអាចខ្វះបានក្នុង សង្គមប្រជាធិបតេយ្យដែលមានការចូលរួម។
ថ្លែងក្នុងទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ខៀវ កាញារីទ្ធ បានលើកឡើងថា ដោយសារឃើញពីសារៈសំខាន់នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យក្រសួងព័ត៌មានរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលព័ត៌មានដែលមានការចួលរួមពីគ្រប់មជ្ឈដ្ឋានដើម្បីកសាងជាច្បាប់នេះឡើង។ ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា “ក្នុងនាមក្រសួងព័ត៌មាន និងខ្លួនខ្ញុំផ្ទាល់សូមអបអសារទចំពោះទិវាអន្តរជាតិស្តីពីសិទ្ធិទទួលព័ត៌មានជាសកល ឆ្នាំ២០២១។ ដើម្បីមានការចូលរួមដ៏ល្អបានគឺការទទួលបានព័ត៌មានមួយដ៏ត្រឹមត្រូវ ជាក់លាក់ ដែលនេះគឺជាការធានាមូលដ្ឋាននៃការសម្រេចចិត្ដបោះឆ្នោត ឬការសម្រេចចិត្ដផ្សេងៗរបស់ប្រជាជនក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេសតាមរយៈការផ្ទៀងផ្ទាល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល”។
ជាមួយគ្នានេះដែរ នៅក្នុងសារស្ដីពីទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល លោកស្រី Audrey Azulay នាយិកាអង្គការយូណេស្កូបានមានប្រសាសន៍ថា “ការទទួលបានព័ត៌មានដែលអាចជឿទុកចិត្ដបាន អាចជួយសង្គ្រោះជីវិត។ ព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាមអាចបង្កគ្រោះថ្នាក់ ហើយមេរៀនដ៏សាមញ្ញាមួយនេះគឺជាមេរៀនមួយដែលយើងបានរៀនពីការខូចខាតប្រយោជន៍របស់យើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មិនថា ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកល ឬការគាំទ្រការជជែកដេញដោលជាសាធា រណៈទេ យើងត្រូវការព័ត៌មានសេរី ដែលអាចទុកចិត្ដបាន និងឯករាជ្យ ដែលជាមូលដ្ឋាន គ្រឹះនៅក្នុងសង្គមប្រជាធិបតេយ្យ។”
តាមរយៈសារនេះដែរ លោកស្រីក៏បានអំពាវនាវដល់រដ្ឋាភិបាលជុំវិញពិភពលោកឱ្យអនុម័តច្បាប់ទាក់ទងនឹងសិទ្ធទទួលព័ត៌មាន ដើម្បីធានាថា ប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្ដបានត្រឹមត្រូវដោយផ្អែកលើព័ត៌មាន មានសុខភាពល្អ និងសុវត្ថិភាព និងរីករាយជាមួយនឹងការទទួលបានសិទ្ធិមនុស្សជាមូលដ្ឋានយ៉ាងពេញលេញ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានអះអាងថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ គឺបានរៀបចំសព្វគ្រប់ហើយ ដែលនៅរង់ចាំតែការពិនិត្យចុងក្រោយរបស់ក្រសួងយុត្តិធម៌ ដើម្បី ដាក់ជូនទៅរដ្ឋសភា សម្រាប់អនុម័ត និងដាក់ឱ្យអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដម រដ្ឋមន្រ្ដីបានបន្ថែមថា “តាមរយៈច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ ខ្ញុំសង្ឃឹមថាប្រជាជន កម្ពុជានឹងទទួលបានព័ត៌មានជាក់លាក់ ពិតប្រាកដ ដើម្បីធ្វើការសម្រេចចិត្តរបស់ខ្លួន”។
សូមជម្រាបជូនថា អង្គការយូណេស្កូ ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមទាំងអង្គការសង្គមស៊ីវិលបានប្រារព្ធទិវាអន្ដរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល ឆ្នាំ២០២១ នាថ្ងៃទី២៨ ខែកញ្ញានេះ។ សម្រាប់ប្រធានបទនៅឆ្នាំនេះ មានចំណងជើងថា “សិទ្ធិដឹង៖ ការកសាងឱ្យប្រសើរឡើងវិញជាមួយនឹងសិទ្ធិទទួលព័ត៌មាន”៕ by AKP(ប៊ុនរិទ្ធ)