ប្រទេសសិង្ហបុរីរាយការណ៍អំពីកំណត់ត្រានៃករណីឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលមួយថ្ងៃ
បរទេស៖ ប្រទេសសិង្ហបុរីបានរាយការណ៍អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១ ៩៣៩នាក់កាលពីថ្ងៃទី២៦ ខែកញ្ញា ដែលជាកំណត់ត្រាប្រចាំថ្ងៃក្នុងរយៈពេល ៦ថ្ងៃជាប់ៗគ្នានៃការឆ្លងថ្មីដែលមានចំនួនលើសពី ១ ០០០នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ មានករណីឆ្លងថ្មីចំនួន ៤១៧នាក់ជាអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ។
ក្រសួងសុខាភិបាលបាននិយាយនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពមួយដែលបានចេញផ្សាយដល់ប្រព័ន្ធផ្សព្វផ្សាយកាលពីវេលាម៉ោងប្រហែល ១១:០០យប់ថា នៅក្នុងចំណោមនោះមានករណីនាំចូលចំនួន ៥នាក់ នៅក្នុងថ្ងៃដដែលនោះ ប្រទេសនេះក៏បានកត់ត្រានូវចំនួនអ្នកស្លាប់ថ្មី ២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៧៨នាក់ នៅក្នុងខែកញ្ញានេះ មានអ្នកស្លាប់ចំនួន ២៣នាក់ហើយមកដល់ពេលនេះ ដែលជាកំណត់ត្រាប្រចាំខែថ្មីមួយ។
ចំនួនអ្នកស្លាប់មាននិន្នាការកើនឡើងនៅពេលដែលប្រទេសសិង្ហបុរីបានបើកដំណើរការឡើងវិញកាលពីថ្ងៃទី១០ ខែសីហា ដោយមានចំនួនអ្នកស្លាប់សរុប ២៣នាក់នៅក្នុងខែកញ្ញា បើប្រៀបធៀបនឹងចំនួនអ្នកស្លាប់ ១៨នាក់កាលពីក្នុងខែសីហា។ ប្រទេសសិង្ហបុរីបានប្រមូលបុគ្គលិកបន្ថែមពីកងទ័ពអាកាសសិង្ហបុរី (SAF) និងសមាគមប្រជាជន (PA) ដើម្បីជួយគាំទ្រដល់អ្នកជំងឺដែលទទួលការព្យាបាលនៅតាមផ្ទះ។
ចាប់ពីថ្ងៃទី២៧ ខែកញ្ញាទៅ ប្រទេសសិង្ហបុរីបានចាប់ផ្តើមរឹតបន្តឹងវិធានការគម្លាតសង្គមដោយកាត់បន្ថយចំនួនមនុស្សដែលត្រូវបានអនុញ្ញាតសម្រាប់ការប្រមូលផ្តុំពី ៥នាក់មកនៅត្រឹម ២នាក់។ ការធ្វើការងារនៅតាមផ្ទះ គឺជាតម្រូវការសម្រាប់ការងារដែលអាចធ្វើការពីចម្ងាយបាន ហើយសាលាបឋមសិក្សាចាប់ផ្តើមអនុវត្តការសិក្សាតាមប្រព័ន្ធអនឡាញរយៈពេល ២សប្តាហ៍។ ទោះជាយ៉ាងណា អាជ្ញាធរសិង្ហបុរីបានណែនាំថា មនុស្សចាស់មិនគួរចូលរួមការជួបជុំណាមួយទេ ដូចជាសកម្មភាពសាសនាជាដើម ព្រោះក្រុមនេះនៅតែត្រូវបានចាត់ទុកថាជាក្រុមងាយរងគ្រោះដដែលបើទោះបីជាពួកគេទទួលបានការចាក់វ៉ាក់សាំងការពាររួចហើយក៏ដោយ។
បច្ចុប្បន្ននេះ ប្រទេសសិង្ហបុរីបានឈានដល់អត្រាចាក់វ៉ាក់សាំងសម្រាប់ប្រជាជនបាន ៨២ភាគរយហើយ។ មន្រ្តីរបស់ប្រទេសសិង្ហបុរីបានព្យាករថា ចំនួនអ្នកឆ្លងថ្មីអាចកើនឡើងដល់ជាង ៣ ០០០នាក់ក្នុងមួយថ្ងៃត្រឹមដើមខែតុលាខាងមុខនេះនេះ៕ by AKP(យា ចិន្តាខន្ត)