ប្រធានក្រុមនាវា MT Strovols ដែលលួចដឹកប្រេង៣០ម៉ឺនប៉ារ៉ែលពីកម្ពុជា ត្រូវតុលាការឥណ្ឌូនេស៊ី សម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១៥ថ្ងៃ និងពិន័យជាប្រាក់ ១០០លានរ៉ូពី
បរទេស៖ ប្រធានក្រុមនាវា MT Strovols ជនជាតិបង់ក្លាដេស ដែលបានដឹកប្រេងប្រមាណ ៣០ម៉ឺនប៉ារ៉ែលពីកម្ពុជា ត្រូវបានតុលាការឥណ្ឌូនេស៊ី កាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១៥ថ្ងៃ និងពិន័យជាប្រាក់ ១០០លានរ៉ូពី ឬប្រមាណ ៧ពាន់ដុល្លារ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Eurasia review នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។
តាមប្រភពដដែលនេះបានបញ្ជាក់ថា លោកត្រូវបានឃុំខ្លួនកាលពីសប្តាហ៍មុន ពីបទចូលចតនៅក្នុងដែនសមុទ្រឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។ ប្រសិនលោក មិនបង់ប្រាកផាកពិន័យនេះទេ លោកនឹងត្រូវជាប់ទោសបន្ថែម១ខែទៀត។
ក្រោយការឃុំខ្លួនប្រធានក្រុមនាវារូបនេះ ប៉ុន្មានថ្ងៃក្រោយមកអាជ្ញាធរទីក្រុងហ្សាកាតា បានឃុំខ្លួននាវិក១៩នាក់ទៀត ដើម្បីសាកសួរ ដែលជាការឆ្លើយតបនឹងសំណើររបស់កម្ពុជា ដែលបានចោទថា នាវា MT Strovols ដែលគ្រប់គ្រងដោយក្រុមហ៊ុន World Tankers Management ថាបានលួចប្រេង ទើបបូមបានពីកម្ពុជាប្រមាណជិត ៣០ម៉ឺនប៉ារ៉ែល។
លោក Harry Goldenhardt អ្នកនាំពាក្យប៉ូលីសនៃខេត្ត Riau Islands ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា ក្រុមនាវិកទាំងនោះ ត្រូវបានសាកសួរដោយមន្រ្តីប៉ូលិសអន្តរជាតិ តាំងពីថ្ងៃសៅរ៍។
លោកបានបញ្ជាក់ថា «ការសាកសួរ គឺផ្អែកតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា និងលិខិតរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលចង់ឱ្យចាប់ខ្លួនក្រុមនាវិក និងបញ្ជូននាវា និងនាវិកមកកម្ពុជាវិញ»។
កាលពីចុងខែសីហាកន្លងមក អាជ្ញាធរឥណ្ឌូនេស៊ី បានឃាត់កប៉ាល់ដឹកប្រេងពីកម្ពុជា MT Strovols និងឃាត់ខ្លួនក្រុមនាវិកជាច្រើននាក់ បន្ទាប់ពីពួកគេបានលួចដឹកប្រេងឆៅ ដែលទើបបូមបានពីកម្ពុជាប្រមាណជិត ៣០ម៉ឺនប៉ារ៉ែល។
នាវា MT Strovolos ត្រូវបានបញ្ជាដោយក្រុមហ៊ុន World Tankers Management Pte Ltd នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ឲ្យចាកចេញពីកម្ពុជានៅម៉ោង៨.០០ល្ងាច ទៅកាន់ដែនទឹកប្រទេសថៃឡង់ដ៏ ដោយយកប្រេងឆៅរបស់កម្ពុជា ទៅជាមួយផងដែរ។
ការចាកចេញរបស់នាវា MT Strovolos ធ្វើឡើងដោយមិនបានឆ្លងកាត់នីតិវិធីប្រតិវេទន៍គយ និងដោយគ្មានការអនុញ្ញាតណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជាឡើយ ដែលផ្ទុយនឹងច្បាប់កម្ពុជា។
ក្រសួងរ៉ែ និងថាមពល កាលពេលកន្លងទៅបានសុំជំនួយពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោស និងយកប្រេងឆៅដែលជាទ្រព្យសម្បត្តិរបស់កម្ពុជាមកវិញ ស្របតាមច្បាប់ជាតិរបស់ប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ ដោយសារតែក្រោយពីនាវានេះ បានចាកចេញពីកម្ពុជា មិនដែលបានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ ឬដឹកប្រេងមកកម្ពុជាវិញឡើយ។
សូមជម្រាបថា KrisEnergy ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិរុករក និងបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា បានចាប់ផ្តើមបូមប្រេងជាលើកដំបូងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
នៅខែមិថុនា ឆ្នាំ២០២១នេះ ក្រុមហ៊ុននេះប្រកាសថា ខ្លួនមានបំណុលជាច្រើន ដែលមិនអាចមានលទ្ធភាពសងនោះទេ៕ by FN