សិស្សចូលរៀនឆ្លាស់វេនគ្នា ក្នុងចំណោមប្រមាណ១លាននាក់ នៃសាលារៀនដែលកំពុងបើកឲ្យដំណើរការឡើងវិញជិត ១ម៉ឺន

ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា រហូតមកដល់ពេលនេះ មានសាលារៀនប្រមាណ ៩ ៨០០ ដែលចែកចេញជាមត្តេយ្យសិក្សាប្រហែល ៣ ៣០០ បឋមសិក្សាប្រហែល ៥ពាន់ អនុវិទ្យាល័យប្រហែល១ពាន់ និងវិទ្យាល័យប្រហែល៥០០ បានបើកដំណើរការឡើងវិញ និងមានសិស្សប្រមាណ ១លាននាក់ បានចូលរៀនឆ្លាស់វេនគ្នា។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការចាប់ផ្តើមបើកដំណើរការសាលារៀនឡើងវិញ នៅតែស្ថិតក្នុងភាពប្រុងប្រយ័ត្នពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដោយក្នុងពេលបច្ចុប្បន្ន ទាំង បុគ្គលិកអប់រំទាំងរដ្ឋ និងឯកជន បានប្រើប្រាស់យុទ្ធសាស្ត្របញ្ចូលគ្នារវាងការសិក្សាផ្ទាល់ក្នុងសាលារៀន ជាមួយនឹងការសិក្សានៅតាមផ្ទះ។ ឯកឧត្តម បន្តថា រហូតមកដល់ពេលនេះ មានបុគ្គលិកអប់រំទាំងរដ្ឋ និងឯកជនប្រមាណ១៦ម៉ឺននាក់ ឬ៩៥​ភាគរយ បានចាក់វ៉ាក់សាំងដូសទី២ រួចរាល់ ព្រមទាំងមានកុមារអាយុ១២ ដល់ក្រោម១៨ឆ្នាំ ប្រមាណ​៨៩ភាគរយ និងកុមារអាយុ៦ ដល់ក្រោម១២ឆ្នាំប្រមាណ៧៨ភាគរយ បានចាក់វ៉ាក់សាំង ដែលនេះជាការចូលរួមធានានូវសុវត្ថិភាពបុគ្គលិកអប់រំ និងសិស្សានុសិស្សក្នុងការបន្តការរៀនជាក្រុមតូចៗ ឆ្លាស់វេនគ្នានៅតាមសាលារៀន។
លោក Magnus Saemundsson លេខាទី១ នៃស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា កត់សម្គាល់ថា ការ​បិទសាលាទាំងអស់នៅកម្ពុជា ដើម្បីការពារការឆ្លងរាលដាលវីរុសរាតត្បាតជាសកល បានបង្កការខាតបង់ដល់វិស័យអប់រំយ៉ាងមហិមា។ លោកថ្លែងថា ការបើកសាលារៀន ឡើងវិញដោយអនុវត្តវិធានការសុវត្ថិភាពជាគោល គឺជាការសំខាន់ដែលត្រូវមានការរៀបចំទាំងការប្រើប្រាស់យុទ្ធសាស្ត្របញ្ចូលគ្នានៃការសិក្សាក្នុងថ្នាក់ផង និងការសិក្សាតាមផ្ទះផង ទើបទទួលបានជោគជ័យ។
យោងតាមការសិក្សារបស់សហគមន៍អន្តរជាតិលើផ្នែកអប់រំ បានបង្ហាញថា ការវិនិយោគលើការអប់រំមិនត្រឹមតែជារឿងត្រឹមត្រូវដែលត្រូវធ្វើប៉ុណ្ណោះទេ តែជាការវិនិយោគសេដ្ឋកិច្ចដ៏វៃឆ្លាត។ ភស្តុតាងនានាបង្ហាញ​ថា ជាមធ្យមការទទួលបានការអប់រំបន្ថែម១ឆ្នាំ ជួយឱ្យបុគ្គលម្នាក់កើនចំណូលបាន១០ភាគរយ និងបង្កើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបាន១៨ភាគរយ៕ by AKP
អត្ថបទដែលជាប់ទាក់ទង