ប្រជាពលរដ្ឋត្រូវតែយកចិត្តទុកដាក់ការពារខ្លួនគ្រប់ពេលវេលា បើទោះបីជាមេរោគកូវីដ-១៩ប្រភេទណាក៏ដោយ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាលបានបញ្ជាក់ថា មិនថាមេរោគកូវីដ-១៩ ប្រភេទណានោះទេ ប្រជាពលរដ្ឋត្រូវតែយកចិត្តទុកដាក់ការពារខ្លួនគ្រប់ពេលវេលា ដោយសារ មេរោគកូវីដ-១៩នៅតែមានឥទ្ធិពលខ្លាំង ក្នុងការចម្លងបន្តជារៀងរាល់ថ្ងៃ ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ( គ.វ.ក១៩ ) បានមានប្រសាសន៍ថា បន្ទាប់ពីប្រជាពលរដ្ឋ​ភាគច្រើនបានទទួលការចាក់វ៉ាក់ សាំងកូវីដ១៩ពេញលេញហើយនោះ សង្កេតឃើញថា ប្រជាពលរដ្ឋមិនសូវយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ប្រមុខរាជរដ្ឋា​ភិបាល នោះឡើយ ដែលធ្វើឱ្យមេរោគកូវីដ-១៩មានលទ្ធភាពចម្លងមិនឈប់ឈរ ខណៈដែលមេរោគកូវីដ​១៩ ប្រភេទដែលតា បាននិងកំពុងវ៉ៃលុកខ្លាំង ។
លោកជំទាវបន្តថា បើទោះបីជាបច្ចុប្បន្ននេះ ក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ទៅលើមេរោគកូវីដ​១៩ ប្រភេទដែលតាយ៉ាងណាក្តី ក៏មិនមានន័យថាមេរោគកូវីដ១៩ប្រភេទដទៃទៀតមិនមានឥទ្ធិពលចម្លងនោះឡើយ ដូច្នេះប្រជាពលរដ្ឋត្រូវតែរួមគ្នា ការពារនិងទប់ស្កាត់ជំងឺកូវីដ១៩នេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់ផ្តាច់ការចម្លងក្នុងសហគមន៍ ។« ឥឡូវនេះយើងកំពុងសំដៅទៅលើប្រភេទដែលតា ដែលមានការចម្លងច្រើន ចម្លងលឿន តែនេះជាការពិតហើយ ប៉ុន្តែយើងទាំងអស់គ្នាត្រូវគិតយើងមិនមែនការពារតែប្រភេទ​​ដែលតាទេគឺឱ្យតែវីរុសកូវីដ១៩ យើងត្រូវតែការពារពីព្រោះវីរុសកូវីដ១៩នេះ វាមានការបំប្លែងខ្លួនរបស់វា ក្រៅពី alpha ក្រៅពីបែតតា ក្រៅពីហ្វាម៉ា វាចូលមកដែលតា ឥឡូវវាចូលប្រភេទផ្សេងទៀត ហើយយើងមិនដឹងថាទៅមុខទៀតវានឹងបំប្លែងទៅជាអ្វីទៀតទេ ដូច្នេះកន្លែងនេះ សូមបងប្អូនយើងយកចិត្តទុក​ដាក់នៅពេលដែលតា នេះវាកំពុងតែចរាចរយ៉ាងសកម្ម ហើយយើងឃើញហើយ គឺវាឆ្លងក្នុងមួយកន្លែងដែលយើងរកឃើញនោះ គឺលឿនបំផុត អញ្ចឹងបងប្អូនយើងសូមមេត្តាមានការប្រុងប្រយ័ត្ន ហើយខ្ញុំសូមអំពាវនាវហើយអំពាវនាវទៀត ដល់បងប្អូនសូមបន្តអនុវត្តនូវវិធានការ ៣ការពារនិង៣កុំ ដោយបូកជាមួយនឹងវ៉ាក់សាំងដែលយើង បានចាក់រួចហើយនេះ ដើម្បីការពារខ្លួនយើង ការពារក្រុមគ្រួសារយើង និងការពារ​សហ​គមន៍​យើង កុំឱ្យមានការរាតត្បាតធំធេងពីជំងឺកូវីដ-១៩ » ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុស​កូវីដ-១៩ថ្មី កើនឡើងចំនួន ៨៦៦​នាក់ មានឣ្នកជាសះស្បើយចំនួនត្រឹមតែ ៥០៥នាក់ និងមានអ្នកស្លាប់ដោយសារជំងឺ​កូវីដ-​១៩ កើនឡើងចំនួន ២៦នាក់ ៕
អត្ថបទដែលជាប់ទាក់ទង