រដ្ឋមន្ត្រីក្រសួងការបរទេសជំរុញឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជាផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ស្ថានបេសកម្មកម្ពុជានៅបរទេស

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានផ្តល់អនុសាសន៍ជំរុញឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជាផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ស្ថានបេសកម្មកម្ពុជានៅបរទេស និងសហការជាមួយក្រុមការងារការទូត សេដ្ឋកិច្ចរបស់ក្រសួងការបរទេស ដើម្បីពង្រីកវិសាលភាពធុរកិច្ច និងសមត្ថភាពរបស់សហគ្រិនវ័យក្មេងកម្ពុជា ការផ្ដល់អនុសាសន៍របស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីនេះ ក្នុងឱកាសដែលឯកឧត្ដមជួបសំណេះ​សំណាល​ជាមួយសមាគម​សហគ្រិន​វ័យក្មេងកម្ពុជា(Young Entrepreneurs Association of Cambodia -YEAC)តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ស្ថានបេសកម្មកម្ពុជានៅបរទេសនេះ គឺដើម្បីចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយផលិតផលកម្ពុជា លើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ វប្បធម៌ និងវិនិយោគកម្ពុជា លើឆាកអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍អំពីតួនាទី និងការខិតខំ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការងារការទូតកម្ពុជាលើឆាក អន្តរជាតិ ជាពិសេសតាំងពីក្រោយពេលកម្ពុជាទទួលបានសន្តិភាពពេញលេញ និងបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ ។
លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានគោរពស្នើសុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីផ្តល់ការណែនាំដល់សមាគមន៍ ដើម្បីបង្កើនការចូលរួមចំណែកលើកស្ទួយឃឿនសេដ្ឋកិច្ចកម្ពុជា ស្របទៅតាមកិត្យានុភាពកាន់តែខ្ពស់ និងតួនាទីកាន់តែសកម្មរបស់កម្ពុជា ដែលជាលទ្ធផលនៃកិច្ចប្រឹងប្រែងអនុវត្តន៍នយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ព្រមទាំងការណ៍អមសំខាន់ៗនៅខែវិច្ឆិកាឆ្នាំ២០២១ និងការទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣ នៅឆ្នាំ២០២២។
ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងព្រឹត្តិការណ៍អមចំនួន៦នៅចុងឆ្នាំ២០២១នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់ធំធេងជាប្រវតិ្តសាស្រ្តសម្រាប់កម្ពុជាក្នុងការទទួលតួនាទីធ្វើជាម្ចាស់ផ្ទះរៀបចំ និងធ្វើសហប្រធានដឹក នាំកិច្ចប្រជុំ ដែលមានមេដឹកនាំកំពូលពីអឺរ៉ុប និងអាស៊ី ចំនួន៥១ប្រទេស ព្រមទាំងអង្គការ តំបន់ដ៏សំខាន់ពីរគឺអាស៊ាន និងសហភាពអឺរ៉ុបរួមពិភាក្សា និងផ្លាស់ប្តូរមតិគ្នាស្តីពីការដោះស្រាយបញ្ហាប្រឈមធំ និងការវិវត្តស្ថានការណ៍ក្នុងតំបន់ទាំងពីរ។ ឯកឧត្តមឧបនាយក​រដ្ឋមន្រ្តីក៏បានបង្ហាញត្រួសៗអំពីការត្រៀមទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែល កម្ពុជាមានភារកិច្ចត្រូវរៀបចំកិច្ចប្រជុំអាស៊ានជាច្រើនក្នុងនោះមានកិច្ចប្រជុំធំៗដូចជាកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ កិច្ច ប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រកំពូលពាក់ព័ន្ធ និងខួបអនុស្សាវរីយ៍លើកទី៥៥នៃការបង្កើតអាស៊ាន។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ក៏បានលើកអំពីអាទិភាព និងសកម្មភាពសំខាន់ជាច្រើនដែលកម្ពុជានឹងជំរុញអនុវត្តន៍ក្នុងនាមជាប្រធាន អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ រួមទាំងការប្រយុទ្ធនឹង ការរាតត្បាតជំងឺកូវីដ១៩ និងកិច្ចប្រឹងប្រែងងើបចេញពីផលប៉ះពាល់នៃជំងឺនេះ និងស្ថាន ការណ៍​ភូមិសាស្រ្តនយោបាយក្នុងតំបន់ និងការបន្តអនុវត្តន៍ផែនការសកម្មភាព កសាង សហគមន៍អាស៊ានលើសសរស្តម្ភនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដែលបានអនុម័តកន្លងមក និងការងាររៀបចំទស្សនវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ ក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមឧបនាយករដ្ឋ មន្រី្តបានស្នើឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា សិក្សាលទ្ធភាព ដើម្បីទាញយកផលប្រយោជន៍ពីកាលានុវត្តភាពក្នុងក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដែលគ្របដណ្តប់លើវិស័យយុទ្ធសាស្រ្តជាអាទិភាពចំនួន៥ រួមមាន៖ លើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាល ពង្រឹងសន្តិសុខមនុស្យ ពង្រីកសក្តានុពលទីផ្សារក្នុងអាស៊ាន និងសមា​ហរ​ណកម្មអាស៊ាន បង្កើនការអភិវឌ្ឍវិស័យឌីជីថល និងធ្វើទំនើបកម្មឆ្ពោះទៅអនាគតប្រកបដោយភាពធន់ និងចីរភាព។
លោក ស៊ាង សុបញ្ញា ក៏បានបញ្ជាក់អំពីគោលបំណង និងដំណើរការតាំងពីឆ្នាំ២០០៩ របស់សមាគម ដែល​បច្ចុប្បន្នមានសមាជិកសរុប៣៩៤នាក់ តំណាងឱ្យក្រុមហ៊ុនចំនួនជាង៧០០ មានសាខាតាមខេត្តមួយចំនួន ហើយគ្រោងបន្តបង្កើតសាខាទូទាំងប្រទេសកម្ពុជា ដើម្បីជួយជ្រោមជ្រែងពង្រឹងសមត្ថភាព និងលទ្ធភាពធ្វើធុរកិច្ចដល់សហគ្រិនវ័យក្មេងកម្ពុជា។ លោកប្រធានសមាគមបានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យក្រុមថ្នាក់ដឹកនាំសមាគមបានជួបសំណេះសំណាល និងទទួលបាននូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដើម្បីពង្រឹងសមាគមន៍ និងបង្កើនប្រសិទ្ធ ភាពរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរពីការរីកចម្រើនរបស់សមាគម ព្រមទាំងឆន្ទៈឈ្វេងយល់ឱ្យបានស៊ីជម្រៅពីការវិវត្តស្ថានការណ៍លើគ្រប់ទិដ្ឋភាព ក្នុងបរិបទសកលភាវូបនីយកម្ម រួមទាំងការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងនិន្នាការតំបន់ និងពិភពលោក៕ by AKP
អត្ថបទដែលជាប់ទាក់ទង