ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ អញ្ជើញចុះពិនិត្យ និងដឹកនាំអនុវត្តន៍ផ្ទាល់ដោយបានប្រើប្រាស់គ្រឿងចក្រអេស្កាចំនួន ៤គ្រឿង ដើម្បីកាយបើកមុខទឹក និងផ្តាច់ផ្លូវស្ទះមុខទឹក
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ អមដំណើរដោយ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត លោក រត្ន័ ដាសុីណង់ អភិបាលស្រុកមង្គលបូរី មន្ត្រីបច្ចេកទេស កងកម្លាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យ និងដឹកនាំអនុវត្តន៍ផ្ទាល់ដោយបានប្រើប្រាស់គ្រឿងចក្រអេស្កាចំនួន ៤គ្រឿង ដើម្បីកាយបើកមុខទឹក និងផ្តាច់ផ្លូវស្ទះមុខទឹក ចំនួន ៦ទីតាំង នៅភូមិអូរធំ ឃុំបន្ទាយនាង និង ផ្លូវក្រោយវិទ្យាល័យមង្គលបូរី ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ដើម្បីបើករំដោះមុខទឹក ពន្លឿនល្បឿនទឹកចុះទៅផ្នែកខាងក្រោម នៃស្រុកមង្គលបូរី បន្តទៅទន្លេសាប។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកថា ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ លើ៩ក្រុង/ស្រុក មានសភាពធូរស្រាល នៅមានបញ្ហាតិចតូចតែ២ក្រុង/ស្រុកគឺស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ដែលជាទឹកស្រុងមកពីផ្នែកខាងលើ មកចាលតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុក/ក្រុងទាំង២នេះ បង្ករឲ្យជន់លិចក្រោមផ្ទះសម្បែងបងប្អូន ខ្លះត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
ក្នុងនាមអាជ្ញាធរខេត្ត បានសហការគ្រប់ភាគី កងកម្លាំងមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ដើម្បីឆ្លើយតបដោះស្រាយភ្លាម ដូចថ្ងៃនេះ យើងបានប្រើប្រាស់គ្រឿងចក្របន្ទាន់ កាយបើកមុខទឹក តាមប្រឡាយ អូរ និងផ្លូវជាដើម សំដៅធ្វើយ៉ាងណាបើកឲ្យទឹកហូរចុះទៅផ្នែកខាងក្រោមឲ្យបានលឿន ដូចដែរអាចធ្វើទៅបាន បញ្ជៀសការជន់លិចភូមិឋាន ផ្ទះប្រជាពលរដ្ឋ ។ទន្ទឹមនឹងនោះយើងនឹងធ្វើការរៀបចំបិទ ដាក់លូ ធ្វើស្ពានឡើងវិញឲ្យបានធំ ទូលាយ តាមបច្ចេកទេស។
ឯកឧត្តម អភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋមានការយោគយល់ ចូលរួមសហការជាមួយអាជ្ញាធរដែនដី គ្រប់ថ្នាក់ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រោះទឹកជំនន់នេះឲ្យបានជោគជ័យ៕