លោកជំទាវរដ្ឋលេខាធិការ កុយ សុដានី ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង(PMU) តាមប្រព័ន្ធវីដេអូពីចម្ងាយ

ភ្នំពេញ៖ ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្តិការងារនៃគណៈកម្មការគ្រប់គ្រងគម្រោង(PMU) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ក្រុមជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងក្រុមទីប្រឹក្សាជាតិនៃគម្រោងផងដែរ។

អង្គប្រជុំបានពិភាក្សាលើវឌ្ឍនភាពសកម្មភាពការងារក្នុងរយៈពេលមួយខែកន្លងមករបស់ក្រុមការងារភស្តុភារកម្មបៃតង(Green Logistics) ក្រុមការងារទទួលបន្ទុកមណ្ឌលភស្ដុភារកម្មប្រចាំតំបន់ (Regional Logistics Hub) ក្រុមការងារដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ (Cold Chain) ក្រុមការងារទំនើបកម្មរថយន្ដដឹកទំនិញ (Truck Modernization) ក្រុមការងារពិនិត្យតាមដាន និងវាយតម្លៃលើការអនុវត្តគម្រោង ក្រុមការងារសិក្សាចំពោះបណ្ដាញដឹកជញ្ជូនតាមព្រំដែន (Border Improvement) និងលទ្ធផលនៃការចុះអង្កេតនៅតំបន់ប៉ោយប៉ែត។

ថ្លែងទៅអង្គប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីវឌ្ឃនភាពការងារសំខាន់ៗ នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្តិការងារនៃគណៈកម្មការគ្រប់គ្រងគម្រោង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមជំនាញការជប៉ុន និងក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសហការគ្នាល្អ ក៏ដូចជាដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកដោយការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជាឱ្យមានភាពប្រទាក់ក្រឡាគ្នា ប្រកបដោយភាពប្រកួតប្រជែង និងចីរភាព។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធពិនិត្យកែសម្រួល និងពន្លឿនការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានាដែលត្រូវបង្កើតនៅក្នុងគម្រោងនេះដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច សំដៅធ្វើយ៉ាងណាឱ្យគោលនយោបាយផែនការយុទ្ធសាស្ត្រទាំងនោះមានលក្ខណៈសមស្រប និងអាចអនុវត្តបានទៅតាមស្ថានភាពជាក់ស្តែងនាពេលអនាគតរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ និងធានាបាននូវផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ៕ អរគុណសន្តិភព








