ប្រជាពលរដ្ឋក្រក្រីប្រមាណ១ម៉ឺនគ្រួសារនៅតំបន់បិទខ្ទប់ក្នុងក្រុងសៀមរាប ទទួលបានការឧបត្ថម្ភស្បៀងអាហារជាហូរហែ

ខេត្តសៀមរាប៖ ក្នុងអំឡុងពេលនៃការបិទខ្ទប់តំបន់ភូមិ និងសង្កាត់មួយចំនួនក្នុងក្រុងសៀមរាប អាជ្ញាធរខេត្ត និងក្រុង បានយកចិត្តទុកដាក់ ក្នុងការចែកជូនស្បៀងអាហារ ដល់ប្រជាពលរដ្ឋក្រីក្រគ្រប់ប្រភេទ ប្រមាណជាង១ម៉ឺនគ្រួសារ ដើម្បីសម្រួលការលំបាកផ្នែកជីវភាពរបស់បងប្អូន។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុង សៀមរាបបានឱ្យដឹងថា ចាប់តាំពីថ្ងៃកំណត់យកភូមិ និងសង្កាត់មួយចំនួននៃក្រុងសៀមរាប ជាតំបន់ក្រហម ដែលមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចាកចេញពីទីសំណាក់ ឬលំនៅឋានមក ក្រោមការណែនាំពីឯក ឧត្តមអភិបាលខេត្ត អាជ្ញាធរក្រុង បានយកចិត្តទុកដាក់ គិតគូរពីការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រ១ ក្រ២ និងក្រីក្រក្នុងអំឡុងកូវីដ១៩។ លោកបន្តថា អាជ្ញាធរខេត្តបានបញ្ចេញស្បៀងអាហារចំនួន២លើករួចមកហើយ ដើម្បីចែកជូនប្រជាពលរដ្ឋសរុបប្រមាណជាង១ម៉ឺនគ្រួសារ ហើយក៏មានការចូលរួមពីសប្បុរសជននានាផងដែរ។

លោកបន្តទៀតថា រដ្ឋបាលខេត្ត បានរៀបចំក្រុមការងារផ្គត់ផ្គង់ស្បៀងអាហារ ដោយសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងបងប្អូនសមាគមម៉ូតូកង់បី បានស្ម័គ្រចិត្ត ក្នុងការដឹកជញ្ជូនស្បៀងយកទៅចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅតាមខ្នងផ្ទះផ្ទាល់ នៅក្នុងភូមិសាស្ត្រតំបន់ក្រហម ដើម្បីកាត់បន្ថយការជួបជុំ និងការប្រមូលផ្តុំ គឺធ្វើទៅតាមភាពជាក់ស្តែង ដោយមិនប្រកាន់បក្ខពួក និន្នាការនយោបាយ ឬគ្រួសារនិយមនោះឡើយ ឲ្យតែបងប្អូនជួបការខ្វះខាត គឺផ្តល់ជូនទាំងអស់។

ជំហានដំបូងតាំងពីថ្ងៃបិទខ្ទប់ភ្លាមលើកទី១ យើងបានរៀបចំចែកអំណោយជាបន្តបន្ទាប់ ហើយក្នុងរយៈ៣ថ្ងៃយើងចែកឱ្យអស់នូវប្រជាពលរដ្ឋដែលកាន់ប័ណ្ណក្រ១ និងក្រ២ និងបងប្អូនដែលក្រជាក់ស្តែងក្នុងពេលកូវីដ ប្រមាណជិត៧ពាន់គ្រួសារ ក្នុងនោះក៏មានការកៀរគរចូលរួមពីសប្បុរសជន នានា លោកចែកតាមសង្កាត់នានា តែយើងមិនរាប់ចូលក្នុងតួលេខដែលយើងចែកទេ ។

ទី២បន្ទាប់ពីពេលនោះមកឯកឧត្តមអភិបាលខេត្តលោកបានរៀបចំឱ្យមានការចូលរួមចម្រុះរវាងកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង បានបញ្ចេញចេញមួយជំហានទៀត ដែលគិតមកដល់ពេលនេះប្រហែលជិត៣ពាន់គ្រួសារទៀតហើយ ក្នុងនោះជាសំណូមពរទាំងផេកឯកឧត្តមអភិបាល រដ្ឋបាលខេត្តនិងក្រុង រួមទាំងផេកខ្ញុំផ្ទាល់ ទៅភូមិ ទៅសង្កាត់យើងពិនិត្យផ្តល់ ជាក់ស្តែងជាបន្តបន្ទាប់ ជាតួលេខ ស្មើនឹងគុណនឹងពីរ ស្មើនិងក្រ១បូកក្រ២ ក្នុងសម័យកូវីដ មានការកើនឡើងច្រើន។

សូមជម្រាបផងដែរថា រយៈពេល២សប្តាហ៍មកហើយ ដែលភូមិ និងសង្កាត់មួយចំនួន ត្រូវបានកំណត់ជាតំបន់ក្រហម និងតំបន់ដែលនៅសេសសល់ នៃក្រុងសៀមរាប ត្រូវកំណត់ជាតំបន់លឿងទុំ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕ អរគុណសន្តិភាព



