សហរដ្ឋអាមេរិកត្រូវបានក្រុមអ្នកជំនាញអន្តរជាតិថ្កោលទោស ចំពោះការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន
សិក្ខាសាលាអន្តរជាតិមួយស្តីពី «ការរំលោភបំពានសិទ្ធិមនុស្សដែលបង្កឡើងដោយការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន» ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ដោយមានការចូលរួមពីក្រុមអ្នកជំនាញ អ្នកសិក្សា អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកការទូតប្រមាណ ៤០នាក់មកពីប្រទេសចិន បារាំង នេប៉ាល់ ហូឡង់ ជប៉ុន ប៉ាគីស្ថាន និងបណ្តាប្រទេសផ្សេងៗទៀត។
ពួកគេបានពិភាក្សាគ្នាអំពីបញ្ហាជាបន្តបន្ទាប់ ដូចជាការរំលោភបំពានសិទ្ធិមនុស្សក្នុងដំណើរការនៃសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន វិបត្តិមនុស្សធម៌ដែលបណ្តាលមកពីការដកកងទ័ពអាមេរិក និងវិបត្តិជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលបង្កឡើងដោយសហរដ្ឋអាមេរិកជាដើម។
ទាំងអ្នកចូលរួមជាជនជាតិចិន និងបរទេសបាននិយាយថា សហរដ្ឋអាមេរិកគួរតែត្រូវបានថ្កោលទោសដោយសង្គមអន្តរជាតិចំពោះការរំលោភបំពានសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថាន។
សិក្ខាសាលានេះ គឺជាព្រឹត្តិការណ៍តាមប្រព័ន្ធអនឡាញដែលជាផ្នែកមួយនៃសម័យប្រជុំលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយត្រូវបានឧបត្ថម្ភដោយសង្គមចិនសម្រាប់ការសិក្សាសិទ្ធិមនុស្ស និងបេសកកម្មអចិន្រ្តៃយ៍នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិដទៃទៀតនៅក្នុងប្រទេសស្វីស និងរៀបចំឡើងដោយវិទ្យាស្ថានសិទ្ធិមនុស្សនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងច្បាប់ Southwest (SWUPL)។
លោក Yogeshwar Romkhami អតីតអគ្គមេបញ្ជាការជាន់ខ្ពស់នៃប៉ូលីសនេប៉ាល់ និងជាប្រធានគណបក្សប្រជាជននេប៉ាល់បាននិយាយថា ការវាយប្រហារតាមអាកាសដែលធ្វើឡើងតាមអំពើចិត្តរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យប្រជាជនភៀសខ្លួន ឬបានសម្លាប់ជនភៀសខ្លួនយ៉ាងច្រើននៅអាហ្វហ្គានីស្ថាន ហើយអំពើពុករលួយរបស់យោធាអាមេរិកក៏បានបំពុលប្រទេសនេះផងដែរ។ លោកបានប្រកាន់ខ្ជាប់ថា សហរដ្ឋអាមេរិកនឹងត្រូវទទួលខុសត្រូវចំពោះផលវិបាកដែលបានបង្កើតឡើងនេះ។
លោក Wang Nan អ្នកប្រឹក្សាផ្នែកសិក្សានៃវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រផ្លូវសូត្រនៃសាកលវិទ្យាល័យសិក្សាអន្តរជាតិសៀងហៃបាននិយាយថា ការរំលោភបំពានសិទ្ធិមនុស្សដែលប្រព្រឹត្តដោយសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន គឺហួសពីការស្មាន។ ការរំលោភបំពានទាំងនោះមានភាពសាហាវឃោរឃៅ និងមានរយៈពេលយូរ ដែលបានជះឥទ្ធិពលដល់តំបន់ជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានបង្កើតទាំងផលប៉ះពាល់ផ្ទាល់ និងដោយប្រយោល ដោយវាបានធ្វើឱ្យសេដ្ឋកិច្ចនៅទ្រឹង និងមានចលាចលសង្គមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕ by AKP