កិច្ចប្រជុំបច្ចេកទេសលើកទី៦ បានបើកសម្រាប់ការអភិរក្សរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC Preah Vihear)

ភ្នំពេញ៖ នៅថ្ងៃ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារ និង ICC Preah Vihear បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៦ នៃគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិ សម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈប្រព័ន្ធ Video Conference ។

នៅក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញស្ដីពីរបាយការណ៍វឌ្ឍនភាព នៃការវាយតម្លៃហានិភ័យ នៃប្រាសាទព្រះវិហារ, របាយការណ៍ស្ដីពីសកម្ម ភាពអភិវឌ្ឍន៍សហគមន៍ នៅតំបន់ប្រាសាទព្រះវិហារ, របាយការណ៍វឌ្ឍនភាពស្ដីពីការបង្កើតគេហទំព័រអាជ្ញាធរជាតិព្រះវិហារ, ការរៀបចំឯកសារ និងការស្នើសុំអភិរក្សប្រាសាទចំនួន៦ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ, របាយការណ៍ស្ដីពីការដួលរលំនៃជញ្ជាំងខាងជើងស្ពានហាលខាងកើតផ្លូវចូលប្រាសាទធំ, និងការស្នើសុំអន្តរាគមន៍បន្ទាន់ សំណើរៀបចំសៀគ្វីថ្មីពីប្រាសាទប្រាង្គទៅភូមិកោះកេរ និងផ្លូវតភ្ជាប់ពីផ្លូវធំទៅប្រាសាទគោកគ្រង និងស្លាកសញ្ញាទេសចរណ៍, របាយការណ៍វឌ្ឍនភាពស្ដីពីការកំណត់ព្រំនៅតំបន់បុរាណវិទ្យាប្រាសាទកោះកេរ និង លទ្ធផលនៃការសិក្សាលើការប្រើប្រាស់ដី, ការគ្រប់គ្រងសំណង់ និងប្រជាសាស្ត្រនៅតំបន់ប្រាសាទកោះកេរ, ជូនសហប្រធាន ICC Preah Vihear ។

កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារ ICC Preah Vihear មានការចូលរួមពី ឯកឧត្តម Hu Jian សហប្រធានចិន និង លោកជំទាវ Devyani Uttam Khobrangade សហប្រធាន ICC Preah Vihear និងមានការចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិដោយផ្ទាល់ចំនួន៣០នាក់ និងតាមរយៈ Video conference ចំនួន៤៧នាក់ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង