លោកយាយ លោកតា ជាមនុស្សចាស់ជរាអាយុចាប់ពី៨០ឆ្នាំឡើង ចំនួន ៤៦៥នាក់ មកពីឃុំចំនួន៥ នៃស្រុកជល់គិរី បានទទួលព្រះរាជអំណោយ ព្រះមហាក្សត្រ
ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសអបអរសាទរទិវាមនុស្សចាស់អន្តរជាតិ នៅព្រឹកថ្ងៃ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១នេះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្តេ ចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវព្រះរាជអំណោយទៅចែកជូនដល់ លោកយាយ លោកតា ជាមនុស្សចាស់ជរា មានអាយុ៨០ឆ្នាំឡើងចំនួន ៤៦៥នាក់ ដែលបានអញ្ជើញមកពី ៥ឃុំ នៃស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។
សម្តេចចៅហ្វាវាំង គង់ សំអុល បាននាំយកនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជបណ្តាំសាកសួរសុខទុក្ខ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ ជាទីគោ រពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនលោកយាយលោកតា និងបានជម្រាបជូនថា ព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យនឹករលឹកជាពន់ពេក ចំពោះប្រជារាស្រ្តរបស់ព្រះអង្គគ្រប់ពេលវេលា។ ទន្ទឹមនេះ ដើម្បីចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ ១ តុលា ២០២១នេះ ព្រះអង្គក៏បានព្រះបរមរាជានុញ្ញាតជូនសម្តេច នាំយកនូវព្រះរាជអំណោយមកចែកជូនដល់លោកយាយ លោកតាទាំង ៤៦៥នាក់នាពេលនេះ ដើម្បីជាការចូលរួមចំណែកសម្រួលជីវភាពរបស់លោកយាយ លោកតា ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា កំពុងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង គង់ សំអុល ក៏បានអំពាវនាវដល់លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជូន នូវវិធានការសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។
សូមជម្រាបជូនថា ព្រះរាជអំណោយដែលចែកជូនលោកយាយ លោកតា ជាមនុស្សចាស់ជរា ទាំង ៤៦៥នាក់នាពេលនេះ គឺក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត១កញ្ចប់ (មានមុង១ ភូយ១ ក្រមា១ សារុង១) ម៉ាស១០បន្ទះ មី២កេស ត្រីខកំប៉ុង១យូ អាវយឺត និងអាវរងា មានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា ២០ម៉ឺនរៀល ព្រមទាំងក្រុមគ្រួពេទ្យ ៥នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល។
លោកយាយ លោកតាដែលបានទទួលព្រះរាជអំណោយនាពេលនេះ បានថ្លែងនូវអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទាំងទ្វេ សមប្រកបតែព្រះពុទ្ធពរទាំង ៥ប្រកាកុំបីឃ្លៀងឃ្លាតឡើយ៕ អរគុណសន្តិភាព