ស្ពាន៧កន្លែង នៅតាមមាត់ប្រឡាយមេ ប្រឡាយទួលពង្រ១ ស្ថាបនារួចរាល់១០០ភាគរយហើយ ជាមួយនឹងការស្ដារប្រឡាយធ្វើឱ្យទឹកហូរលឿន

ភ្នំពេញ៖ ស្ពានចំនួន ៧កន្លែង នៅតាមមាត់ប្រឡាយមេ នៅប្រឡាយទួលពង្រ១ ស្ថិតក្នុងសង្កាត់ចោមចៅ​ទី១ ខណ្ឌពោធិ៍សែនជ័យ ក្រុមការងារ បានស្ថាបនារួចរាល់១០០ភាគរយហើយ ដែលធ្វើអោយតំបន់ធ្លាប់​លិចលង់ខ្លាំង លែងលិចលង់ធ្ងន់ធ្ងរដូចពេលមុនៗទៀត។ចំណែកការងារការងារបុកសុីផាយនៅតាមមាត់ប្រឡាយមិនទាន់រួចរាល់ទេ។


លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ បានមានប្រសាសន៍អោយដឹងនៅថ្ងៃទី០១ តុលា នេះថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរចណ្ឌពោធិសែនជយ័ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហ៊ំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ។ គិតមកដល់ត្រឹមថ្ងៃទី០១ តុលា នេះ ការដ្ឋានទាំងមូលបាន ១០០ភាគរយហើយ ។


លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌមានជយ័ទៅកាន់បឹងជេីងឯកនិង​បន្ត​ហូរ​ទៅកាន់ស្ទឹងជ្រៅ គំរោងការនេះ បានកាត់បន្ថយ ជំនន់ទឹកភ្លៀងបានមួយកំរិតធំ។


គម្រោង ស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង ២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ​៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ។


គួរបញ្ជាក់ថា ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលីតាមបែបសាសន៍ ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី២១ មិនាឆ្នាំ២០២១ ក្រោមវត្តមានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ។


លោក សាំ ពិសិដ្ឋ ក៏បានបញ្ជាក់បន្ថែមទៀតថាឆ្នាំនេះ រដ្ឋបាលហើយធានីភ្នំពេញ បានធ្វើការស្ដារប្រឡាយ លូជាច្រើនខ្សែ ជាមួយនឹងការដាក់ប្រព័ន្ធលូខ្នាតធំជាច្រើនខ្សែផងដែរ ដែលបានធ្វើឲ្យតំបន់ដែលធ្លាប់លិច នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដូចជានៅខណ្ឌដង្កោ បានបន្ថយនូវការលិចលង់យ៉ាងច្រើន ។

ជាក់សម្ដែងនៅឆ្នាំនេះ បុរីពិភពថ្មីត្រពាំងថ្លឹង៣ ដែលធ្លាប់តែលិច គឺមិនមានការលិចលង់ដូចបណ្ដាឆ្នាំមុនទៀតនោះទេ ។ ដោយឡែកនៅតំបន់វត្តភ្នំ ក៏លែងទទួលរងការលិចលង់ទៀតដែរ ដោយសារតែតំបន់នេះ គម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់ការការពារទឹកជំនន់និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤របស់ចៃកា ត្រូវបានបញ្ចប់ហើយដែរនោះ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង