ម្ចាស់ផ្ទះ បឹងកេត និងព្រះខ័នរាជស្វាយរៀង រក្សាលទ្ធផលស្មើគ្នាសប្តាហ៍ទី១៧ លីគកំពូលកម្ពុជា ២០២១
ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះ បឹងកេត ដែលជាក្រុមការពារដំណែងជើងឯក ឆ្នាំ២០២០ និងក្រុមព្រះខ័នរាជស្វាយរៀងបានចែកគ្នាម្នាក់១ពិន្ទុ ក្រោយរក្សាលទ្ធផលស្មើគ្នា ១ទល់១ នៅក្នុងការ ប្រកួតសប្តាហ៍ទី១៧ កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១។
នៅក្នុងការប្រកួតដ៏ស្វិតស្វាញនៃគូជក់ចិត្តនេះ គឺក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ធ្វើសម្រេច១គ្រាប់បើកការនាំមុខ១គ្រាប់មុន ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Lopez Mendy នៅនាទី៤៩ ហើយនៅនាទី៧៩ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ធ្វើសម្តេចបាន១គ្រាប់តាមស្មើវិញ ១ទល់១ ដោយលទ្ធផនេះរក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។
ចំពោះ១ប្រកួតទៀតនៃ៨ក្រុមខាងលើប្រជែងជើងឯក នៃសប្តាហ៍ទី១៧នេះដែរ គឺ ភ្នំពេញក្រោន បានយកឈ្នះក្រុមណាហ្គាវើលដ៏ ដោយលទ្ធផល ៣-២ ស្របពេលដែល២ ប្រកួតនៃ៥ក្រុមខាងក្រោម គឺក្រុមនគរបាលជាតិបានយកឈ្នះសូលទីឡូអង្គរ ១ទល់០ ខណៈខេត្តព្រៃវែង និងអគ្គិសនីកម្ពុជា ចែកគ្នាម្នាក់១ពិន្ទុ ក្រោយរក្សាបានស្មើគ្នា ០ទល់០។
សូមបញ្ជាក់ថា គិតមកដល់សប្តាហ៍ទី១៧នេះ គឺមានតែ៤ក្រុមលើកំពូលតារាងបណ្តោះ ដែលមានឱកាសប្រជែងម្ចាស់ដំណែងជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២១ នេះ ដូចជា ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា និងបឹងកេត ស្របពេល៤ក្រុមផ្សេងទៀតនៃក្រុម Top-8 បាត់បង់ឱកាសប្រជែងជើងឯកហើយ ដោយសារដាច់ពិន្ទុឆ្ងាយពី៤ក្រុមលើកំពូលតារាង។ ៨ក្រុមខាងលើ គឺមាន៦ក្រុមបានបញ្ចប់១៦ប្រកួតដូចគ្នា ដោយនៅសល់៣ប្រកួតទៀតនឹងត្រូវបញ្ចប់រដូវកាលហើយ លើកលែងតែ២ក្រុម គឺវិសាខា និងអង្គរថាយហ្គឺរ ដែលនៅសល់៤ប្រកួតទៀត៕